មេដឹកនាំកូរ៉េខាងជើងជំរុញឱ្យកងទ័ពប្រុងជើងការធ្វើសង្គ្រាម

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកាន់កាំភ្លើងក្នុងដៃមួយដើម នៅពេលគាត់ធ្វើអធិការកិច្ចត្រួតពិនិត្យមូលដ្ឋានហ្វឹកហ្វឺនប្រតិបត្តិការដ៏សំខាន់មួយ និងបានជំរុញឱ្យកងទ័ពបង្កើនការធ្វើសមយុទ្ធសង្គ្រាមជាក់ស្តែង។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅថ្ងៃពុធ ទៅកាន់មូលដ្ឋានទ័ពនៅតំបន់ភាគខាងលិចប្រទេស លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ថា កងទ័ពរបស់យើងត្រូវតែបង្កើនការធ្វើសមយុទ្ធសង្រ្គាមជាក់ស្ដែង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័ស នូវសមត្ថភាពប្រយុទ្ធរបស់ខ្លួន សម្រាប់ការប្រុងជើងការសង្រ្គាមដ៏ល្អឥតខ្ចោះ។

ដំណើរទស្សនកិច្ចរបស់លោក គីម នាពេលនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំកាលពីថ្ងៃទី៤ ខែមីនា ក្នុងប្រទេសកូរ៉េខាងត្បូង ហើយសមយុទ្ធយោធារួមគ្នានេះដែរ មានចំនួនកងទ័ពចូលរួមកើនឡើងទ្វេដង បើធៀបទៅនឹងសមយុទ្ធកាលពីឆ្នាំមុន។ កូរ៉េខាងជើងបានហៅសមយុទ្ធនេះថា ជា “សកម្មភាពខ្វះការប្រុងប្រយ័ត្ន” ហើយបានព្រមានប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះថា ពួកគេនឹងរ៉ាប់រងលើការចំណាយដ៏សក្តិសម។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានថ្កោលទោសជាយូរណាស់មកហើយ ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយហៅសមយុទ្ធទាំងនោះថា ជាការហាត់សមសម្រាប់ការឈ្លានពាន។ ឆ្លើយតបនឹងការធ្វើសមយុទ្ធកន្លងមកនេះ កូរ៉េខាងជើងដែលជាប្រទេសមានអាវុធនុយក្លេអ៊ែក្នុងដៃ ក៏បានធ្វើតេស្តបាញ់មីស៊ីលជាបន្តបន្ទាប់វិញផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner