ប្រទេសចំនួន៣ ចាប់ដៃគ្នាបង្កើតកងកម្លាំងប្រឆាំងក្រុមឧទ្ទាមជីហាដ

នីញ៉ាម៉េ៖ នីហ្សេរីយ៉ា ម៉ាលី និងបួគីណាហ្វាសូ ដែលជាប្រទេសគ្រប់គ្រងដោយរបបយោធា ក្នុងថ្ងៃពុធ បានប្រកាសបង្កើតកងកម្លាំងរួមគ្នាមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ពួកសកម្មប្រយុទ្ធជីហាដ នៅក្នុងប្រទេសរបស់ពួកគេ។

ប្រមុខកងទ័ពនីហ្សេរីយ៉ា លោក Moussa Salaou Barmou បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងថ្មីនេះ នឹងដាក់ឱ្យធ្វើប្រតិបត្តិការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីគិតគូរពីបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងប្រទេសរបស់យើង។

យើងជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងបី យើងនឹងអាចគ្រប់គ្រង ក៏ដូចជាបង្កើតលក្ខខណ្ឌផ្នែកសន្តិសុខរួមគ្នា។ ទោះបីជាយ៉ាងណា ចំនួនកម្លាំងរួមថ្មីនេះ មិនបានបញ្ជាក់ច្បាស់លាស់ទេ ប៉ុន្តែលោក Barmou បានអះអាងថា កងទ័ពទាំងបីបានយល់ព្រមបង្កើត “គំនិតប្រតិបត្តិការ” ដែលនឹងអនុញ្ញាតឱ្យពួកគេឈានដល់គោលដៅការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងបី។

សូមជម្រាបថា ដោយសារតែខឹងសម្បារចំពោះរដ្ឋាភិបាលស៊ីវិល ពាក់ព័ន្ធនឹងការបរាជ័យ ក្នុងការទប់ស្កាត់អំពើហិង្សា ដែលបង្កឡើងដោយក្រុមឧទ្ទាមជីហាដ មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាម គឺជាហេតុផលចម្បង ដែលរបបយោធាក្នុងប្រទេសទាំងបីសម្រេចចិត្តធ្វើរដ្ឋប្រហារ។

សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ហៅកាត់ថា (ECOWAS) បានដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ ម៉ាលី និងបួគីណាហ្វាសូ ឆ្លើយតបនឹងការផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ នៅក្នុងរដ្ឋប្រហារជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២០។

ការបះបោររបស់ក្រុមឧទ្ទាមជីហាដបានផ្ទុះឡើងនៅភាគខាងជើងប្រទេសម៉ាលីក្នុងឆ្នាំ២០១២ មុនពេលរីករាលដាលដល់ប្រទេសជិតខាងនីហ្សេ និងបួគីណាហ្វាសូក្នុងឆ្នាំ២០១៥។ អំពើហិង្សាដែលកំពុងកើនឡើងនេះ ត្រូវបានគេប៉ាន់ប្រមាណថា បានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ទៀតបង្ខំចិត្តផ្លាស់ទីលំនៅទូទាំងតំបន់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner