បារាំងគាំទ្រនាយករដ្ឋមន្ត្រីហូឡង់ ជាប្រធានថ្មីរបស់អង្គការណាតូ
អាំស្ទែដាំ៖ នាយករដ្ឋមន្ត្រីបារាំងបានប្រកាសពីការគាំទ្រឲ្យនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ដឹកនាំអង្គការសម្ព័ន្ធយោធា NATO ជាការប្រកាសក្រោយពេលអាមេរិកនិងអង់គ្លេសបានសម្តែងនូវការគាំទ្រ លោក Rutte ដូចគ្នា។
នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានប្រកាសបែបនេះ កាលពីថ្ងៃពុធ ក្នុងពេលធ្វើសន្និសីទសារព័ត៌មានជាមួយ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte។ លោកបានអះអាងថា លោក Rutte គឺជាអ្នកនាំមុខគេ ក្នុងការជំនួសលោក Jens Stoltenberg ដែលជាអគ្គលេខាធិការអង្គការ NATO បច្ចុប្បន្ន។
លោក Attal បាននិយាយថា លោក Mark Rutte មានបទពិសោធន៍ និងសមត្ថភាព ក្នុងការកសាងសម្ព័ន្ធភាពនេះ ឲ្យកាន់តែទូលំទូលាយ ហើយលោក៏មានសមត្ថភាពធ្វើសកម្មភាពសម្រាប់សន្តិសុខសមូហភាពរួម។
ថ្មីៗនេះ សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ក៏សម្តែងការគាំទ្រចំពោះលោក Rutte ដើម្បីដឹកនាំណាតូ ក្នុងពេលវេលាដ៏ចាំបាច់ ពោលគឺប្រឈមមុខនឹងសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
លោក Rutte អាយុ ៥៧ឆ្នាំ បានប្រកាសពីចេតនារបស់លោក ក្នុងការចាកចេញពីឆាកនយោបាយនៅប្រទេសហូឡង់ ប៉ុន្តែ នឹងបន្តកាន់តំណែង រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
ប្រធានថ្មីរបស់ NATO គ្រោងនឹងត្រូវបានប្រកាសឲ្យដឹង នៅមុនពេលកិច្ចប្រជុំកំពូលរបស់ខ្លួន នាខែកក្កដា នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ ការសម្រេចចិត្តនេះ នឹងត្រូវធ្វើឡើង ដោយការឯកភាពគ្នា ក្នុងចំណោមរដ្ឋជាសមាជិក ក៏ប៉ុន្តែ ប្រទេសហុងគ្រីធ្លាប់បានប្រកាសជំទាស់។
ប្រធាន NATO បច្ចុប្បន្ន លោក Stoltenberg ដែលជាអតីតនាយករដ្ឋមន្ត្រីប្រទេសន័រវេស បានគ្រប់គ្រងសម្ព័ន្ធយោធាអន្តរជាតិមួយនេះ អស់រយៈពេលមួយទសវត្សរ៍មកហើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត