ប៉េរូតែងតាំងនាយករដ្ឋមន្ត្រីថ្មីភ្លាមៗក្រោយអ្នកចាស់អស់តំណែង ព្រោះរឿងអាស្រូវស្នេហា
ប្រធានាធិបតីនៃប្រទេសប៉េរូ លោកស្រី Dina Boluarte កាលពីថ្ងៃពុធ បានតែងតាំងអ្នកការទូតស្តាំនិយមម្នាក់ ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីអ្នកកាន់តំណែងមុន បានលាលែង ចំពេលមានរឿងអាស្រូវពុករលួយ លាយឡំនឹងរឿងស្នេហាស្រីកំណាន់។
លោកនាយករដ្ឋមន្ត្រីថ្មី Gustavo Adrianzen វ័យ ៥៧ឆ្នាំរូបនេះ ជាមេធាវីមួយរូបដែលមានស្នាដៃជួយការពាររដ្ឋាភិបាល អំឡុងពេលការបង្ក្រាបលើការតវ៉ាទ្រង់ទ្រាយធំ កាលពីខែធ្នូ ឆ្នាំ២០២២ ជាពេលដែលោកស្រី Dina Boluarte ឡើងកាន់តំណែងជាប្រធានាធិបតី។
ការតែងតាំងនេះគឺបន្ទាប់ពីលោក Alberto Otarola បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ បន្ទាប់ពីបែកធ្លាយខ្សែអាត់សំឡេងដែលចោទប្រកាន់ថា លោកបាននិយាយជាមួយនារីវ័យក្មេងម្នាក់ ដែលគេជឿថា ជាស្រីកំណាន់។ ពេលសន្ទនា លោកប្រើពាក្យ «បងស្រលាញ់អូន» ហើយគេដឹងថា ជាការជជែកដោះដូរនឹងកិច្ចសន្យា ការងារ ក្នុងរដ្ឋាភិបាល។
ប៉ុន្តែ លោក Otarola បានបដិសេធថា មិនបានប្រព្រឹត្តខុសទេ ខណៈដែលនារីម្នាក់នោះអះអាថា ការសន្ទនានោះ ធ្វើឡើង មុនពេលលោកធ្វើជានាយករដ្ឋមន្ត្រីទៀត តែសារភាពថា ធ្លាប់មានទំនាក់ទំនងស្នេហា រយៈពេលខ្លី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត