ឆ្នាំ២០២៣ ជាឆ្នាំស្លាប់ជនចំណាកស្រុកច្រើនបំផុត

ហ្ស៊ឺណែវ៖ អង្គការសហប្រជាជាតិ ក្នុងថ្ងៃពុធ និយាយថា មនុស្សយ៉ាងហោចណាស់ ៨,៥៦៥នាក់បានស្លាប់ ដោយសារការធ្វើចំណាកស្រុកនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៣ នាំឱ្យឆ្នាំនេះក្លាយជាឆ្នាំមានជនអន្តោប្រវេសន៍ស្លាប់ច្រើនបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកាលពីមួយទសវត្សរ៍មុន។

អង្គការអន្តរជាតិទេសសន្តរ៍ប្រវេសន៍ (IOM) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនជនភៀសខ្លួនបាត់បង់ជីវិតក្នុងឆ្នាំ២០២៣ តំណាងឱ្យការកើនឡើងនៃសោកនាដកម្មចំនួន២០ភាគរយ បើធៀបនឹងឆ្នាំ២០២២ ប្រការនេះបង្ហាញពីតម្រូវការបន្ទាន់ ដើម្បចាត់វិធានការទប់ស្កាត់ការបាត់បង់ជីវិតបន្ថែមទៀត។

អង្គការ IOM និយាយថា ចំនួនសរុបកាលពីឆ្នាំមុន គឺកើនឡើងលើសពីកំណត់ត្រាពីមុន ពោលគឺកាលពីឆ្នាំ២០១៦ នៅពេលដែលមនុស្សប្រមាណ ៨.០៨៤នាក់បានស្លាប់ ក្នុងអំឡុងពេលធ្វើចំណាកស្រុក។ ហើយគិតមកទល់ពេលនេះ មានជនចំណាកស្រុកចំនួន ៥១២នាក់ត្រូវបានកត់ត្រាទុករួចហើយ។

អង្គការ IOM បន្ថែមថា សមុទ្រមេឌីទែរ៉ាណេ ជាកន្លែងដែលជនចំណាកស្រុកជាច្រើន ធ្វើដំណើរផ្សងព្រេងទៅកាន់អឺរ៉ុបភាគខាងត្បូង ចេញពីភាគខាងជើងនៃទ្វីបអាហ្រ្វិក ហើយច្រកសមុទ្រនោះគឺជាផ្លូវដ៏គ្រោះថ្នាក់បំផុត។ ជាក់ស្តែងមានអ្នកស្លាប់ និងបាត់ខ្លួនយ៉ាងហោចណាស់ ៣.១២៩នាក់ត្រូវបានចុះបញ្ជីកាលពីឆ្នាំ២០២៣ ខណៈដែលតួលេខនេះគឺជាចំនួនស្លាប់ខ្ពស់បំផុត បើធៀបនឹងឆ្នាំ២០១៧។

គួរបញ្ជាក់ថា ច្រើនជាងពាក់កណ្តាលនៃការស្លាប់របស់ជនចំណាកស្រុកសរុបក្នុងឆ្នាំ២០២៣ កើតឡើងដោយសារការលង់ទឹក, ៩ភាគរយបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ និង ៧ភាគរយនៅក្នុងអំពើហិង្សា។ ចាប់តាំងពីឆ្នាំ២០១៤មក អដ្ឋិធាតុរបស់មនុស្សចំនួន២៦.៥៥៣នាក់ដែលបានស្លាប់ ក្នុងអំឡុងពេលធ្វើចំណាកស្រុក នៅពុំទាន់រកឃើញនៅឡើយទេ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner