Toyota បោះទុន ២.២ពាន់លានដុល្លារ បង្កើនសន្ទុះផលិតរថយន្ត Hybrid នៅប្រេស៊ីល

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota ក្នុងថ្ងៃពុធ ប្រកាសថា ខ្លួននឹងបោះទុនវិនិយោគប្រមាណ ២.២ពាន់លានដុល្លារ ដើម្បីបង្កើនសន្ទុះការផលិតរថយន្តកូនកាត់ ឬរថយន្ត Hybrid នៅប្រទេសប្រេស៊ីល រហូតដល់ឆ្នាំ២០៣០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តយក្សរបស់ប្រទេសជប៉ុន Toyota នឹងផលិតរថយន្តម៉ាក “flex hybrid” ចំនួនពីរម៉ូដែលនៅក្នុងប្រទេសប្រេស៊ីល ដោយប្រើប្រេងសាំង ឬអេតាណុល ព្រមទាំងអាគុយ ហើយរំពឹងថា នឹងបង្កើតការងារបានប្រហែល ២.០០០កន្លែង។

ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា និយាយថា បោះទុនរបស់ក្រុមហ៊ុន Toyota នាពេលនេះ គឺជំហានសំខាន់មួយទៀតនៅក្នុងសេដ្ឋកិច្ចប្រទេសប្រេស៊ីល។ទោះបីជាមានការរីកលូតលាស់ដូចផ្សិត នៅក្នុងខ្សែសង្វាក់រថយន្តអគ្គិសនីក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តជប៉ុននៅតែបន្តបោះទុនយ៉ាងច្រើន ទៅលើការផលិតរថយន្តកូនកាត់ (Hybrid) ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីនចំហេះខាងក្នុង និងអាគុយ។

ក្រុមហ៊ុនឯកជនកំពុងវិលត្រលប់មកបោះទុនវិនិយោគនៅក្នុងប្រទេសប្រេស៊ីលវិញ។ ជាក់ស្តែងថ្មីៗនេះ ដៃគូប្រកួតប្រជែងរបស់ក្រុមហ៊ុន Toyota ក៏បានប្រកាសពីការវិនិយោគនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់អាមេរិកឡាទីនមួយនេះផងដែរ រួមមានក្រុមហ៊ុន General Motors, Volkswagen និង Hyundai របស់កូរ៉េខាងត្បូង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner