ចិនហៅសង្គ្រាមនៅហ្កាហ្សាថា ជា “ភាពអាម៉ាស់ដ៏ធំសម្រាប់អរិយធម៌ពិភពលោក”
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងថ្ងៃព្រហស្បតិ៍នេះ ហៅសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាថា ជា “ភាពអាម៉ាស់ដ៏ធំមួយសម្រាប់អរិយធម៌ពិភពលោក” ហើយបានរំលឹកឡើងវិញនូវការអំពាវនាវរបស់ប្រទេសចិន ដែលចង់ឱ្យមាន “បទឈប់បាញ់ជាបន្ទាន់”។
លោក វ៉ាង ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសិទកាសែតមួយថា វាគឺជាសោកនាដកម្មមួយសម្រាប់មនុស្សជាតិ និងជាភាពអាម៉ាស់មួយ សម្រាប់អរិយធម៌ពិភពលោក ដែលសព្វថ្ងៃគឺសតវត្សរ៍ទី២១ទៅហើយ គ្រោះមហន្តរាយមនុស្សធម៌ធំបែបនេះ មិនអាចបញ្ឈប់បាន។

លោក វ៉ាង បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដោយយកបទឈប់បាញ់ និងការផ្អាកអរិភាពទាំងអស់ ធ្វើជាអាទិភាពចម្បងបង្អស់ ហើយធានាថា សកម្មភាពសង្រ្គោះមនុស្សធម៌ គឺជាការទទួលខុសត្រូវដ៏បន្ទាន់បំផុត។ បន្ថែមលើនេះ ចិនគាំទ្រឱ្យប៉ាឡេស្ទីនទទួលបានឋានៈជារដ្ឋសមាជិកពេញលេញនៅក្នុងអង្គការសហប្រជាជាតិ។
ប្រមុខការទូតចិនរូបនេះ បានគូសបញ្ជាក់ទៀតថា បំណងប្រាថ្នាជាយូរមកហើយរបស់ជនជាតិប៉ាឡេស្ទីន ក្នុងការបង្កើតប្រទេសឯករាជ្យមួយ គឺមិនអាចគេចវេះបានតទៀតទេ ហើយភាពអយុត្តិធម៌ជាប្រវត្តិសាស្រ្ត ដែលជនជាតិប៉ាឡេស្ទីនបានរងគ្រោះ ក៏មិនអាចបន្តរាប់ជំនាន់ទៅមុខទៀត ដោយគ្មានការកែតម្រូវឡើងវិញផងដែរ។
ទន្ទឹមគ្នា ទីក្រុងប៉េកាំងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ចាប់តាំងពីសង្គ្រាមបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា