អគ្គនាយករដ្ឋាករទឹកបាត់ដំបងកោតសរសើរ លើកទឹកចិត្ត និង ជំរុញឱ្យស្រ្តី អភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល

បាត់ដំបង៖ ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ នារី៨មីនាឆ្នាំ២០២៤៖ក្រោមប្រធានបទ «ស្រ្តីនិងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានជួប សំណេះសំណាលជាមួយបុគ្គលិក ជា នារី នាសាលប្រជុំនៃអង្គភាព រដ្ឋាករទឹកបាត់ដំបង និងបានផ្តល់នូវវត្ថុអនុស្សាវរយ៍និងថវិកាមួយចំនួន ដល់បងប្អូននារីក្នុងអង្គភាព គ្រប់រូប។

ក្នុងទិវានេះ ឯកឧត្តមអគ្គនាយកបានផ្តល់នូវការគាំទ្រចំពោះប្រធាន បទ«ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជី ថល»ដែលប្រធាន បទនេះ ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមក៏បានកោតសរសើរចំពោះការចូលរួមមិនខ្លាចការនឿយហត់បំពេញការងារជូនអង្គភាពរហូតទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់។ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យស្រ្តីក្នុងអង្គភាពគ្រប់ៗរូប ត្រូវខិតខំ ពង្រឹងនិងអភិវឌ្ឍសមត្ថភាពជំនាញបច្ចេកវិទ្យា ឌីជីថល ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារនិងសង្គមបច្ចុប្បន្ន ខណៈដែលរាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោល នយោបាយ និងវិធានការចាំបាច់ ដើម្បី បណ្តុះបណ្តាល និងកសាងនូវ មូលធនមនុស្ស លើវិស័យឌីជីថល។

ឯកឧត្តម អ៊ុត ក្លឹង ក៏បានណែនាំដល់ស្រ្តីជាបុគ្គលិក និយោជិត ពង្រឹង នូវវិន័យវិជ្ជាជីវៈការងាររបស់ខ្លួន ក្នុងការបម្រើនិងផ្ដល់សេវាជូន ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ប្រកបដោយភាពទន់ភ្លន់ និងច្បាស់ លាស់មិនត្រូវបង្កភាពថ្នាំងថ្នាក់ដល់អតិថិជននោះទេ៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner