អនុប្រធាន ក្រុម ការងារ ចុះមូលដ្ឋានស្រុកសណ្តាន់ ផ្តាំផ្ញើដល់មន្រ្តីនារីទាំងអស់ ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ក្នុងការបំពេញភារកិច្ចដោយស្មារតី ទទួលខុសត្រូវខ្ពស់
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ បានកោតសរសើរចំពោះមន្រ្តីជានារីគ្រប់រូប ដែលកន្លងមក បានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើមី្បចូលរួមចំណែកបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្តាំផ្ញើដល់មន្រ្តីនារីទាំងអស់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញ ភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងដូច្នេះក្នុងឱកាស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដោយបាននាំយកសារុងចំនួន ២០០ និងថវិកា ១០លានរៀល ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់ ទៅប្រគល់ជូន និងចូលរួមមីទ្ទិញអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។
លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុក និងជាតំណាងនារី នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោតត្តមមុនីនាថ សីហនុ ព្រះវររាជជាតិ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងទិវានារីអន្តរជាតិខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ជូនអង្គមីទ្ទីងដែលមានសមាជិក និងសមាជិការចូលរួម ប្រមាណជិត៣០០នាក់ ។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានថ្លែងនូវការអបអរសាទរ ចំពោះទិវានារីអន្តរជាតិខួបលើកទី១១៣ នៅពេលនេះ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ ដែលបានឧបត្ថម្ភថវិកាចំនួន១០លានរៀល និងសារុងចំនួន២០០តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ជូនដល់នារី ក្នុងការរៀបចំកម្មវិធីនៅពេលនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ហើយនឹងបានផ្តាំផ្ញើដល់ស្ត្រីគ្រប់ៗរូប ចូលរួមក្នុងការអនុវត្តវិស័យទាំង៦ មានដូចជា ទី១ ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ។ ទី២ ការលើកកម្ពស់ការអប់រំរបស់ស្ត្រីនិងក្មេងស្រី។ ទី៣ ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី។ ទី៤ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី ។ទី៥ ការលើកកម្ពស់ស្ត្រីនិងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច។ និងទី៦ បញ្ជ្រាបយេនឌ័រក្នុងកម្មវិធីប្រែប្រួលអាកាសធាតុ ។
នៃអង្គមីទ្ទីងបានជូនកន្រ្តកផ្កាអនុស្សាវរីយ៍ និងបានប្រគល់ថវិកាចំនួន១០លានរៀល និងសារុងចំនួន២០០ សារុង ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់អភិបាលស្រុក និងតំណាងនារីទូទាំងស្រុក ដើម្បីចាត់ចែងចែកជូនបងប្អូននារី ដែលបានចូលរួមក្នុងឱកាសនេះផងដែរ ៕

ដោយ ៖ ប៊ុន រដ្ឋា