សម្តេចធិបតីចូលរួមជាមួយពិភពលោកអបអរទិវាអន្តរជាតិ៨មីនា (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមជាមួយនឹងពិភពលោកអបអរទិវាអន្តរជាតិនារី និងបញ្ជាក់ចំពោះការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។
ចំពោះទិវាអន្តរជាតិនារីត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី៨មីនានៅទូទាំងពិភពលោក។ ឆ្នាំនេះទិវាអន្តរជាតិនារី៨មីនា ត្រូវបានប្រារព្ធក្រោមប្រធានបទ «វិនិយោគលើស្ត្រី» ដើម្បីជំរុញសន្ទុះអភិវឌ្ឍន៍។ នៅក្នុងកម្ពុជានេះវិញ, ទិវាអន្តរជាតិនារី៨មីនា បានស្ថិតក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។
សម្តេចធិបតីក្នុងប្រសាសន៍ថ្លែងអបអរទិវាអន្តរជាតិនារី៨មីនា បានថ្លែងបង្ហាញនូវការដាក់ចេញចំណុចជាគន្លឹះសំខាន់ៗមួយចំនួន ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។
សម្តេចធិបតីបានលើកឡើងនូវការដាក់ចេញការអនុវត្តវិធានការគាំទ្រ គោលនយោបាយដល់សហគ្រិនស្ត្រី, បន្តពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម សំដៅធានាឲ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានដោយសមធម៌, ការលើកកម្ពស់កម្មវិធីតុល្យភាព ជីវិតគ្រួសារ និងការងារ និងទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះ, កាត់បន្ថយបន្ទុកលើការងាររបស់ស្ត្រី និងក្មេងស្រី ដើម្បីផ្តល់ជម្រើសក្នុងជីវិតរស់នៅកាន់តែច្រើនដល់ស្ត្រី, ការដោះស្រាយគំលាតយេនឌ័រក្នុងវិស័យឌីជីថល, បន្តលើកកម្ពស់សីលធម៌សង្គម និងលើកតម្លៃស្ត្រី និងសុខដុមរមនាក្នុងរង្វង់គ្រួសារ និងចំណុចនានាជាច្រើនទៀត ដែលជាការយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ។