ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ៖ កម្ពុជាកំពុងបោះជំហានប្រកបដោយភាពស្វាហាប់ នៅលើវិថីនៃការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជាមួយនឹងឆន្ទៈនយោបាយខ្ពស់
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ហើយជាថ្មីម្តងទៀត “ប្រជាជន” នៅតែជាបេះដូងនៃយុទ្ធសាស្ត្រនេះ ហើយ ត្រូវបានរៀបចំឡើង ដោយផ្តោតលើលទ្ធផលជាធំ (result-oriented) ដើម្បីធានាថា ប្រជាជនបានទទួលផលជាក់ស្តែង ពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ ។
ឯកឧត្តម បន្តថា មនុស្សគឺជា.គោលដៅចុងក្រោយសំខាន់បំផុត មានន័យថា រាជរដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសន្តិភាព វិបុលភាព និងភាពសុខដុមរមនា និង .ជាដើមទុនសំខាន់បំផុតរបស់សង្គមជាតិ មានន័យថា ប្រជាជនត្រូវតែទទួលបាននូវគុណភាពនៃចំណេះដឹង ជំនាញ សុខភាពល្អ និងសីលធម៌ ដើម្បីលើកកម្ពស់សក្តានុពល និងបង្កើនការរួមចំណែកជាអតិបរមាក្នុងការកសាងសង្គមជាតិ។
ឯកឧត្តម បញ្ជាក់ថា ជាក់ស្តែង បញ្ចកោណចំនួន ៣ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៤ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលមានបច្ច័យផ្ទាល់ចំពោះប្រជាពលរដ្ឋធំជាងគេ ដែលការណ៍នេះសបញ្ជាក់ឱ្យឃើញអំពីអាទិភាព និងការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខរបស់ប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ជារួម ប្រទេសកម្ពុជាកំពុងបោះជំហានប្រកបដោយភាពស្វាហាប់ នៅលើវិថីនៃការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជាមួយនឹងឆន្ទៈនយោបាយខ្ពស់។ ក៏ប៉ុន្តែទាមទារឱ្យមានការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍ និងយន្តការសម្របសម្រួលមួយ ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការអនុវត្ត និងប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ លើយុទ្ធសាស្ត្រ, គោលនយោបាយ និងផែនការដែលបានដាក់ចេញ ដើម្បីធានាថាយើងពិតជាអាចសម្រេចបានតាមគោលដៅដែលបានកំណត់។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណដ៏ជ្រាលជ្រាលជូនចំពោះ UNDP ដែលបានរៀបចំសិក្ខាសាលានេះ និងបានរៀបចំរបាយការណ៍អភិវឌ្ឍមនុស្សបានទាន់ពេលវេលា ៕








