ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់ Lufthansa កើនឡើងប្រាក់ចំណេញទ្វេដងក្នុងឆ្នាំ ២០២៣

ប៊ែរឡាំង៖ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញរបស់ខ្លួន ច្រើនជាងទ្វេភាគីក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិស័យអាកាសចរណ៍ស្ទុះងើបឡើងវិញ ពីវិបត្តិកូវីដ១៩។

ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់នេះនិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនមានចំនួន ១.៦៧ពាន់លានអឺរ៉ូ ឬប្រហែល១.៨២ពាន់លានដុល្លារ កើនឡើងច្រើនជាងទ្វេដង បើធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ៧៩១លានអឺរ៉ូ ឬប្រហែល៨៦១លានដុល្លារ។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Lufthansa លោក Carsten Spohr បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្នែករហិរញ្ញវត្ថុរបស់ Lufthansa បានចាប់ផ្តើមមានភាពរឹងមាំឡើងវិញ។ តួយ៉ាង ឆ្នាំ២០២៣ គឺជាឆ្នាំមួយក្នុងចំណោមបណ្តាឆ្នាំដ៏ល្អបំផុតទាំងបីនៅក្នុងប្រវត្តិសាស្រ្តរបស់ Lufthansa។

ប្រាក់ចំណូលរបស់ Lufthansa កើនឡើង ១៥ភាគរយ ដល់ទឹកប្រាក់ជាង ៣៥ពាន់លានអឺរ៉ូ ឬប្រហែល ៣៨ពាន់លានដុល្លារ ខណៈដែលអ្នកដំណើរសរុបចំនួន ១២៣លាននាក់ បានជ្រើសរើសសេវាកម្មហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់មួយនេះ កើនឡើង ២០ភាគរយកាលពីឆ្នាំមុន បើទោះបីជានៅតែទាបជាងកម្រិតកំណត់ត្រា មុនផ្ទុះជំងឺរាតត្បាតក៏ដោយ។

សម្រាប់ទស្សនវិស័យរបស់ខ្លួនក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់មួយនេះរំពឹងថា ការលក់សំបុត្រយន្តហោះនឹងកើនឡើងខ្លាំង ហើយប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន នឹងស្ថិតនៅកម្រិតដូចគ្នាទៅនឹងឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner