ក្រុមហ៊ូទីបាញ់មីស៊ីលកម្ទេចកប៉ាល់ពាណិជ្ជកម្ម បណ្តាលឱ្យនាវិកហ្វីលីពីន ២នាក់ស្លាប់
ម៉ានីល ៖ រដ្ឋាភិបាលហ្វីលីពីន ក្នុងថ្ងៃព្រហស្បតិ៍ ប្រកាសថា សមាជិកនាវិកហ្វីលីពីន២នាក់ ក្នុងចំណោមនាវិកចំនួន៣នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូទី ទៅលើកប៉ាល់ពាណិជ្ជកម្ម True Confidence នៅឈូងសមុទ្រ Aden កាលពីថ្ងៃពុធសប្តាហ៍នេះ។
នេះគឺជាលើកដំបូងហើយ ដែលការវាយប្រហាររបស់ក្រុមហ៊ូទី នៅប្រទេសយេម៉ែន បណ្តាលឲ្យមាននាវិកស្លាប់ និងរងរបួស ចាប់តាំងពីខ្លួនធ្វើសកម្មភាពប្រឆាំងកប៉ាល់ពាណិជ្ជកម្មក្នុងដែនទឹកអន្តរជាតិ។ អ្នកនាំពាក្យក្រុមហ៊ូទី លោក Yahya Saree បានបង្ហោះសារនៅលើបណ្តាញសង្គមថា កប៉ាល់ពាណិជ្ជកម្មនេះ ពិតជាត្រូវវាយប្រហារដោយមីស៊ីលមែន បន្ទាប់ពីក្រុមនាវិកទាំងនោះ មិនអើពើនឹងសារព្រមានរបស់ក្រុមឧទ្ទាម។
ទន្ទឹមគ្នា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (Centcom) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ពាណិជ្ជកម្ម True Confidence ដែលដោតទង់ជាតិ Barbados ពិតជាបានរងការវាយប្រហារដោយមីស៊ីលប្រឆាំងនាវាមែន ហើយក្រៅពីនាវិក៣នាក់ដែលស្លាប់ ក៏មាននាវិក៤នាក់ទៀតរងរបួសផងដែរ ក្នុងនោះមាន៣នាក់ត្រូវរបួសធ្ងន់។
ប្រភពបានឱ្យដឹងថា កប៉ាល់នេះ មាននាវិកសរុប២០នាក់ ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់ វៀតណាម៤នាក់ និងជនជាតិហ្វីលីពីនចំនួន១៥នាក់ ហើយមានឆ្មាំប្រដាប់អាវុធ៣នាក់ ដោយ២នាក់ជាជនជាតិស្រីលង្កា និងម្នាក់ជាជនជាតិនេប៉ាល់។
គិតមកទល់ពេលនេះ ហ្វីលីពីនបាននឹងកំពុងស្វែងរកមធ្យោបាយរំដោះពលរដ្ឋខ្លួនចំនួន១៧នាក់ ដែលត្រូវចាប់ជាចំណាប់ខ្មាំងដោយក្រុមហ៊ូទីកាលពីខែវិច្ឆិកា បន្ទាប់ពីក្រុមឧទ្ទាមនៅយេម៉ែននេះ បានរឹបអូសកប៉ាល់របស់ពួកគេនៅសមុទ្រក្រហម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



