កុមារ Gaza ទន្ទឹងចាំបុណ្យរ៉ាម៉ាដានទាំងជូរចត់
កុមារប៉ាឡេស្ទីន ថ្មីៗនេះ បានដុតកាំជ្រួច នៅទីក្រុង Rafah ក្នុងតំបន់ Gaza ភាគខាងត្បូង ខណៈបុណ្យ «រ៉ាម៉ាដាន» ដែលជាពិធិបុណ្យសាសនាដ៏ធំ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
កុមារប៉ាឡេស្ទីន ដែលត្រូវបានជម្លៀសដោយបង្ខំ នៅហ្គាហ្សា កាលពីថ្ងៃពុធ បានដើរជាក្បួន ដោយទាមទារបទឈប់បាញ់ជាបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាម នៅមុនថ្ងៃបុណ្យ រ៉ាម៉ាដាន។
អំឡុងខែរ៉ាម៉ាដានម្តងៗ មានការជួបជុំនៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa ភាគខាងកើត ក្រុងយេរូសាឡឹម ដែលជាកន្លែងទីសក្ការៈបំផុតលំដាប់ទីបី របស់សាសនាឥស្លាម និងទីតាំងដ៏ពិសិដ្ឋមួយទៀត គឺ «ប្រាសាទភ្នំ»។ ក្រុមហាម៉ាស់បានជំរុញឱ្យជនមូស្លីម ទៅប្រមូលផ្តុំនៅទីនោះ ជារៀងរាល់ឆ្នាំ។
នៅហ្គាហ្សា មានមនុស្សស្លាប់ ប្រមាណ៣ម៉ឺន៧០០នាក់ ហើយ ភាគច្រើន គឺជាស្ត្រី និងកុមារ គិតត្រឹមថ្ងៃពុធ នេះបើតាមក្រសួងសុខាភិបាល គ្រប់គ្រងដោយពួកហាម៉ាស់។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានព្រមានថា ភាពស្រែកឃ្លានបានឈានដល់ «កម្រិតមហន្តរាយ» នៅភាគខាងជើង តំបន់ហ្គាហ្សា។ ប្រភពបានបន្តថា កុមារកំពុងស្លាប់ជាបន្តបន្ទាប់ ដោយសារជំងឺ ទាក់ទងនឹងភាពអត់ឃ្លាន និង កម្រិតធ្ងន់ធ្ងរ នៃកង្វះអាហារូបត្ថម្ភ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត