រដ្ឋមន្ត្រីក្រសួងធម្មការ សំណូមពរដល់ព្រះរាជគណៈ ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ បន្តលើកកម្ពស់ការប្រតិបត្តិធម៌វិន័យឱ្យបានត្រឹមត្រូវ
បាត់ដំបង៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅក្នុង វត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ ) ស្ថិតនៅភូមិអូរជូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានសំណូមពរដល់ព្រះរាជគណៈ ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ បន្តលើកកម្ពស់ការប្រតិបត្តិធម៌វិន័យឱ្យបានត្រឹមត្រូវបន្ថែមទៀត និងត្រូវការពារអធិករណ៍ កុំឱ្យកើតមានក្នុងវត្តអារាម បើកើតមានហើយ ត្រូវខិតខំដោះស្រាយតាមធម៌វិន័យ និងច្បាប់ឱ្យបានល្អ ។
ឯកឧត្តម សុខ លូ បានលើកឡើងថា៖ ព្រះវិហារ និងសមិទ្ធផលនានាជាច្រើន ដែលសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងវត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ ) នាពេលនេះ ចំណាយថវិកាសាងសង់សរុប អស់៤៥៦.៥៩០ដុល្លារ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទមុនីសីលញាណពេ្រជ ភិរុណ ព្រះចៅអធិការវត្តអូរដូនពៅ រួមជាមួយ សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ ។
ឯកឧត្តម ចាយ បូរិន បានលើកឡើងថា៖ គ្រប់វត្តនៅក្នុងស្រុកបវេល ក៏ដូចជាវត្តអារាមនៅទូទាំងប្រទេស គឺជាមជ្ឈមណ្ឌលអប់រំ ដែលបានរួមចំណែកកសាងសង្គមលើការអប់រំសីលធម៌ គុណធម៌ ចរិយាធម៌ ជាកន្លែងរក្សាទុកនូវមរតកវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ផ្តល់នូវការថែទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះគ្រប់វត្តអារាម ត្រូវខិតខំបង្កើតឱ្យមានពុទ្ធិកសិក្សា តាមលទ្ធភាពជាក់ស្តែង វត្តដែលមិនមានលទ្ធភាព បង្កើតពុទ្ធិកសិក្សា ត្រូវចូលរួមគាំទ្រដល់វត្តដែលមាន ពុទ្ធិកសិក្សា ទាំងស្មារតីនិងសម្ភារៈ ព្រមទាំងអប់រំណែនាំភិក្ខុ សាមណេរក្មេងៗ ទាំងអស់ ឱ្យបានចូលរៀន គ្រប់ៗព្រះអង្គ ដើម្បីយើងរួមគ្នាលើកកម្ពស់មូលធនមនុស្សខាងព្រះពុទ្ធសាសនា ។
ឯកឧត្តម ចាយ បូរិន ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយស ប្រគេនព្រះសង្ឃ និងជូនសប្បុរសជនដែលបានចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តឥន្ទមុនីរុក្ខារាម និងប្រគេនបច្ច័យសម្រាប់កសាងទីអារាមដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ៤០លានរៀល ព្រមទាំងបានចែកជូនវត្ថុអនុស្សាវរីយ៍ជូនដល់យាយជី តាជីចាស់ព្រឹទ្ធាចារ្យ ព្រមអ្នកដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីនេះផងដែរ ៕
ដោយ ៖ គ្រី សម្បត្តិ








