ទីបំផុត ស៊ុយអែតក្លាយជាសមាជិកទី៣២ របស់អង្គការណាតូជាផ្លូវការ

វ៉ាស៊ីនតោន៖ ស៊ុយអែត ក្នុងថ្ងៃព្រហស្បតិ៍ បានក្លាយជាសមាជិកទី៣២ របស់អង្គការណាតូជាផ្លូវការហើយ ដោយបិទបញ្ចប់គោលការណ៍អព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ ដែលប្រទេសបាល់ទិកមួយនេះ បានប្រកាន់ខ្ជាប់អស់រយៈពេលជាង២សតវត្ស ឬ ២០០ឆ្នាំមកនេះ។

ប៉ុន្មានថ្ងៃបន្ទាប់ពីសភាហុងគ្រីបើកភ្លើងបៃតង ស៊ុយអែតបានធ្វើពិធីប្រគល់ឯកសារចូលជាសមាជិកអង្គការណាតូជាផ្លូវការដល់សហរដ្ឋអាមេរិក ដែលជាកងកម្លាំងនាំមុខគេនៃបក្សសម្ព័ន្ធយោធានេះ ជាមួយនឹងការសន្យារក្សាសន្តិសុខរួមគ្នាដើម្បីទាំងអស់គ្នា។

ថ្លែងក្នុងសន្និកាសែតនៅឯក្រសួងការបរទេសអាមេរិក នាយករដ្ឋមន្រ្តីស៊ុយអែត លោក អូល គ្រីស្ទើសុន បាននិយាយថា នេះជាការបោះជំហានដ៏សំខាន់មួយ… នេះគឺជាជ័យជម្នះដើម្បីសេរីភាពនៅថ្ងៃនេះ… ហើយស៊ុយអែតបានជ្រើសរើសសេរីភាព ប្រជាធិបតេយ្យ និងអធិបតេយ្យ ព្រមទាំងជ្រើសរើសការចូលជាសមាជិកអង្គការណាតូ។

ក្រោយមក លោក គ្រីស្ទើសុន បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ទៅកាន់ប្រជាជាតិពីរដ្ឋធានីវ៉ាស៊ីនតោនថា យើងជាប្រទេសតូចមួយ ប៉ុន្តែយើងយល់ច្រើនពីសារៈសំខាន់នៃពិភពលោកដ៏ធំ លើសពីការការពារព្រំដែនរបស់យើង។

ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានសាទរចំពោះសមាជិកភាពរបស់ប្រទេសស៊ុយអែតផងដែរ ដោយនិយាយថា ប្រទេសមួយបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុប ត្រូវបានការពារកាន់តែច្រើនពីអំពើអាក្រក់របស់រុស្ស៊ី។

គួរបញ្ជាក់ថា ប្រទេសស៊ុយអែតបានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយោធារបស់ខ្លួនកាលពី២ឆ្នាំមុន ពោលគឺបន្ទាប់ពីរុស្ស៊ីប្រកាសលើកទ័ពចូលលុកលុយប្រឆាំងអ៊ុយក្រែន។ ទោះយ៉ាងណាក៏ដោយ សេចក្ដីសម្រេចចិត្តទាំងប៉ុន្មានក្នុងការចូលរួមជាមួយសម្ព័ន្ធយោធាមួយនេះ ក៏ត្រូវឆ្លងកាត់តាមរយៈការទូតមួយចំនួន នៃប្រទេសជាសមាជិកអង្គការណាតូផ្សេងទៀតផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner