កម្ពុជា ជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាព របស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជាង ៣២ ឆ្នាំមកនេះ

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដៃគូដ៏ល្អបំផុត ក្នុងការគាំទ្រដល់សកម្មភាព របស់សហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជាង ៣២ ឆ្នាំមកនេះ ។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានចូលរួមអបអរសារទរចំពោះជោគជ័យនៃដំណើរបំពេញបេសកកម្មការងាររបស់ សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុក ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងមកនេះ ។

លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងពេញទំហឹង ចំពោះសកម្មភាពរបស់សហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណជាង ៣២ ឆ្នាំមកនេះ។ ជាងនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូដ៏ល្អបំផុត ក្នុងការគាំទ្រសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលនេះជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាងច្បាស់រវាងការងារមនុស្សធម៌ និងបញ្ហានយោបាយ ។

ទន្ទឹងនឹងនេះ លោកស្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីអ្នកដែលត្រូវបន្តការងារបន្ទាប់ពីលោកស្រីបញ្ចប់ភារកិច្ច គឺ លោក Mark Stephensen ដែលលោក នឹងត្រូវបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះ លោកស្រី Ann Mills-Griffiths និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ នាពេលកន្លងមក ។

សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការគាំទ្រការងារបស់សហព័ន្ធលោកស្រី ហើយរាជរដ្ឋាភិបាល នឹងខិតខំបន្ថែមទៀត ក្នុងការសម្របសម្រួលលើសកម្មភាពនេះឱ្យសម្រេចបានជោគជ័យ ទោះបីជានៅតំបន់ខ្លះ នៅមានលក្ខណៈស្មុគស្មាញក៏ដោយ ។

ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់ជូនលោកស្រីថា ជាមួយនឹងបទពិសោធន៍ដ៏ច្បាស់លាស់ និងយូរអង្វែង រាជរដ្ឋាភិបាល នឹងប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ុល សារឿន បន្តទៀត ក្នុងការសម្របសម្រួល និងសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និងស្រឡាញ់ ចំពោះក្រុមគ្រួសា រ នៃទាហានដែលបានបាត់ខ្លួន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner