គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកប្រគល់ប្រាក់រង្វាន់ជ័យលាភីពីការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក
(ភ្នំពេញ)៖ កីឡាករកីឡាការិនីគ្រូបង្វឹកស្ប៉េស្យាល់អូឡាំពិកកម្ពុជា ម្ចាស់ជ័យលាភីមេដាយពីការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក ដែលប្រព្រឹត្តិទៅនៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋអាឡឺម៉ង់ កាលពីថ្ងៃទី៩ដល់ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៣ ត្រូវបានគណៈគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកប្រគល់ប្រាក់រង្វាន់រាជរដ្ឋបាលជូន នារសៀលថ្ងៃទី៧ មីនា ឆ្នាំ២០២៤ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។

តាមការបញ្ជាក់ ពី លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការជាតិកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាស្ប៉េស្បាល់អូឡាំពិករដូវក្តៅពិភពលោក បានប្រព្រឹត្តទៅកាលពីពីថ្ងៃទី០៩ ដល់ថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងការប្រកួតនេះ កីឡាករកីឡាការិនីស្ប៉េស្យាល់អូឡាំពិកម្ពុជា បានខិតខំប្រកួតអស់ពីសមត្ថភាពជាមួយបណ្តាប្រទេសមកពីជុំវិញពិភពលោក ប៉ុន្តែសមត្ថភាពយើងនូវមានកម្រិត ដោយដដណ្តើមបានមេដាយសរុប៣គ្រឿងប៉ុណ្ណោះជូនកម្ពុជា គឺ មេដាយប្រាក់១ និងមេដាយសំរិទ្ធ២គ្រឿង ។
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីយុទ្ធនិងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានមាសប្រសាសន៍ថា កោតសសើរ ចំពោះប្រតិភូគ្រូបង្វឹក កីឡាករកីឡាការិនី កីឡាស្បេស្យាល់អូឡាំពិកកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រកួតអស់កម្លាំងកាយចិត្ត ដើម្បីដណ្តើមបានមេដាយជូនជាតិមាតុភូមិ ។

ឯកឧត្តម បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកីឡាករកីឡាការិនីស្បេស្យាល់អូឡាំពិកកម្ពុជា ដែលជាកីឡាសម្រាប់ជនមានពិការភាពផ្នែកសន្តិបញ្ញា ដោយផ្តល់នូវប្រាក់រង្វាន់លើកទឹកចិត្តដូចកីឡាករកីឡាការិនីមិនមានពិការរភាពដែរ។

ឯកឧត្តម អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ក៏បានជំរុញឲ្យមន្រ្តីគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក បន្ថែមយកចិត្តទុកដាក់ពង្រឹងរៀបចំការប្រកួតនៅតាមបណ្តាខេត្តបានច្រើនថែមទៀត ជាការផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីខ្សោយសន្តិបញ្ញាបានចូលរួមប្រកួតសប្បាយរីករាយ និងចំរាញ់ជ្រើសរើសបានកីឡាករកីឡាការិនីល្អៗ ត្រៀមសម្រាប់ចូលរួមក្នុងការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។
សូមបញ្ជាក់ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក ដែលប្រព្រឹត្តិទៅនៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋអាឡឺម៉ង់ កាលពីថ្ងៃទី៩ដល់ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៣កន្លកងទៅនេះ អត្តពលិកកីឡាស្បេស្យាល់អូឡាំពិកដណ្តើមបានមេដាយសរុប៣គ្រឿងលើ វិញ្ញាសាអត្តពលកម្មទទួលបានមេដាយប្រាក់ ១ គ្រឿងដោយ កីឡាការិនី នុត សុផាណា ចំណែក វិញ្ញាសាប៊ូលលើវិញ្ញាសាគូ គឺកីឡាករ វិបុល មង្គល និងកីឡាការិនី ហ៊ន ចាន់ថុល៕


រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ