ស្ត្រីអារ៉ាប់ដំបូងបញ្ចប់ការសិក្សាពី NASA ត្រៀមទៅឋានព្រះចន្ទ

នាង AlMatrooshi អាយុ ៣១ឆ្នាំ គឺជាស្ត្រីជនជាតិអារ៉ាប់ដំបូងគេ ដែលបានបញ្ចប់ការសិក្សា ពីអង្គការយានអវកាសអាមេរិក NASA ហើយត្រៀមបំពេញបេសកកម្ម ទៅឋានព្រះច័ន្ទ។

នាង AlMatrooshi បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំចង់ឲ្យមនុស្សជាតិ ត្រលប់ទៅឋានព្រះច័ន្ទវិញ ហើយខ្ញុំចង់ឱ្យមនុស្សទៅឲ្យឆ្ងាយជាងឋានព្រះច័ន្ទ ទៅទៀត»។

នាង AlMatrooshi ជាវិស្វករមេកានិច ដែលធ្លាប់ធ្វើការនៅក្នុងឧស្សាហកម្មប្រេង គឺជាបេក្ខជនអវកាសយានិកម្នាក់ ក្នុងចំណោម ២នាក់ដែលត្រូវបានជ្រើសរើស ដោយទីភ្នាក់ងារអវកាស របស់ប្រទេសអាមីរ៉ាត់ អារ៉ាប់រួម ក្នុងឆ្នាំ២០២១ ដើម្បីចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ។

ឥឡូវនេះ បន្ទាប់ពីធ្វើការអស់រយៈពេលពីរឆ្នាំ រួមទាំង ការអនុវត្តការដើរនៅលំហអាកាស នាង AlMatrooshi និងបុរសអារ៉ាប់ម្នាក់ទៀតព្រមទាំង សិក្ខាកាមចម្រុះជាតិសាសន៍ ចំនួន១០នាក់ផ្សេងទៀត បានក្លាយជាក្រុមអវកាសយានិកដែលមានសមត្ថភាពពេញលេញ។

ពេលនេះ ពួកគេមានសិទ្ធិធ្វើបេសកកម្មឲ្យ NASA ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ដោយបាញ់បង្ហោះទៅកាន់ឋានព្រះច័ន្ទ ថែមទាំងអាចហោះហើរទៅកាន់ភពព្រះអង្គារ ទៀតផង។

អង្គការ NASA គ្រោងនឹងបញ្ជូនមនុស្សត្រឡប់ទៅផ្ទៃព្រះច័ន្ទវិញ នៅឆ្នាំ២០២៦៕ ប្រភពពី AFP ប្រែសម្រូល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner