ស្រុកចំនួនពីរក្នុងខេត្តបន្ទាយមានជ័យ នឹងមានការបោះបង្គោល ព្រំ កំណត់តំបន់៣

បន្ទាយមានជ័យ៖អ្នកបច្ចេកទេសនៃក្រសួងជំនាញ នឹងធ្វើការបោះបង្គោលព្រំកំណត់តំបន់៣នៃដែនព្រៃលិចទឹកនៅភូមិសាស្ត្រស្រុក ចំនួនពីរនៃខេត្តបន្ទាយមានជ័យ ។គឺស្រុកព្រះនេតព្រះ និងស្រុកមង្គលបូរី ។សកម្មភាពដែលនឹងធ្វើឡើងនេះត្រូវបានបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីការបោះបង្គោលព្រំកំណត់តំបន់៣នៃដែនព្រៃលិចទឹកនៅសាលប្រជុំសាលាស្រុកទាំងពីរនេះកាលពីថ្ងៃសុក្រទី៨ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម ស គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់អង្គប្រជុំថាការបោះ បង្គោលព្រំកំណត់តំបន់៣ នៃដែនព្រៃលិចទឹកអនុវត្តនៅ ខេត្តទាំងប្រាំមួយ ស្ថិតជុំវិញបឹងទន្លេសាប។ក្នុងនោះមាន៖ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យនិងខេត្តសៀមរាប។បង្គោលត្រូវបោះមានកម្ពស់ម៉ែត្រនិងដាំចន្លោះពីមួយទៅមួយ ចម្ងាយ៥០០ ម៉ែត្រ ។ការបោះបង្គោលនេះដើម្បីការពារ ការកាប់ទន្ទ្រានព្រៃលិចទឹកនិងការវាតយកដីព្រៃលិចទឹក ពីជនមួយចំនួនផង ហើយក៏ងាយ ស្រួលដល់អាជ្ញាធរទន្លេសាបក្នុងការគ្រប់គ្រងតំបន់៣ព្រៃលិចទឹកនៃបឹងទន្លេសាប ក្នុងគោលដៅការពារថែរក្សាធនធានធម្មជាតិ និងបរិស្ថាន តំបន់៣ រួមទាំងតំបន់ ១ និងតំបន់២ដែលជាតំបន់ រណបផងដែរ ។

ឯកឧត្តមបានរំលេចឱ្យឃើញពីសារសំខាន់នៃប្រព័ន្ធអេកូឡូស៊ី រួមមាន ជីវចម្រុះ មច្ឆាជាតិ សត្វ និងព្រៃលិចទឹក ជាដើមដែលជា សម្បត្តិធម្មជាតិរួមទាំងបរិស្ថានតំបន់បឹងទន្លេសាប។ប៉ុន្តែលោកក៏ បានលើកឡើងពីស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំងលើធនធានទាំងនេះដែរតាមរយៈនៃការបំផ្លិចបំផ្លាញ,ការធ្វើអាជីវកម្មលើសម្បត្តិធម្មជាតិហួសកម្រិតនិងការបំផ្លាញបរិស្ថានតំបន់៣ព្រៃលិចទឹក។លោកបន្ថែមថាដោយសារសកម្មភាពទាំងអស់នេះហើយដែលយើងចាំបាច់បំផុតបោះបង្គោលព្រំកំណត់តំបន់៣ព្រៃលិចទឹកបឹងទន្លេសាប ។
ឯកឧត្តម ស គឹមសាន្ត បានស្នើដល់រដ្ឋបាលស្រុក និងឃុំដែល ជា អាជ្ញាធរមូលដ្ឋាន ដោយឡែកសម្រាប់ស្រុកព្រះនេតព្រះ ស្រុកមង្គល បូរី ដែលស្ថិតក្នុងតំបន់៣ត្រូវធ្វើការផ្សព្វផ្សាយអប់រំណែនាំ បានទូលំ ទូលាយ ទៅដល់ប្រជាពលរដ្ឋឱ្យបានយល់ ពីផលប្រយោជន៍មហាសាល ព្រៃលិចទឹកតំបន់៣បឹងទន្លេសាប និងបញ្ឈប់ការកាប់ទន្ទ្រាន ព្រៃលិចទឹក យកដីតំបន់៣ ហើយគ្មានការសុំកាត់ឆ្វៀលដីតំបន់នេះ ទៀតឡើយ ។ ជាមួយនេះកងកម្លាំងមានសមត្ថកិច្ច ត្រូវចូលរួម ទប់ស្កាត់ការពារ តំបន់៣ព្រៃលិចទឹកផងដែរ៕

អត្ថបទនិងរូបភាព៖គៀន ច័ន្ទហ៊ីន

ads banner