បាតុកម្មទាមទារឲ្យពង្រឹងច្បាប់មាតុភាព នៅប្រទេសថៃ
បាងកក៖ ក្នុងថ្ងៃនារីអន្តរជាតិ ៨មីនា កាលពីថ្ងៃសុក្រ នៅប្រទេសថៃ មានការធ្វើបាតុកម្មទាមទារឲ្យមានការពង្រឹងច្បាប់ ទាក់ទងនឹងមាតុភាព ដែលសំដៅលើស្ត្រីសម្រាក ពេលសម្រាលកូន។
មនុស្សរាប់រយនាក់បានដើរជាដង្ហែ ក្នុងរាជធានីបាងកក ប្រទេសថៃ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ។ ពួកគេភាគច្រើន គឺជាស្ត្រី ដែលមានស្លៀកឈុតពណ៌ស្វាយ ហើយបានដើរដង្ហែពីវិមានប្រជាធិបតេយ្យ ក្នុងក្រុងបាងកក ទៅកាន់វិមានរដ្ឋាភិបាល ដែលជាទីស្នាក់ការកណ្តាល របស់លោក នាយករដ្ឋមន្ត្រីថៃ Srettha Thavisin។
អ្នកដើរដង្ហែក្បួនបានលើកឡើងពីចំណុចផ្សេងៗ ប៉ុន្តែ ភាគច្រើនទាមទារឱ្យមានការកែលម្អច្បាប់ស្តីពីការឈប់សម្រាកលំហែមាតុភាព ក្នុងប្រទេសថៃ។
អ្នកស្រី Vichianpon ដែលជាបាតុករម្នាក់ បាននិយាយថា ពួកយើងផ្តោតលើកសំណើសុំឲ្យមានពេលវេលាសម្រាកមាតុភាព កើនដល់ ១៨០ថ្ងៃ ទៅកាន់រដ្ឋាភិបាល ហើយស្នើឲ្យមានការផ្តល់ប្រាក់ខែពេញលេញ សម្រាប់ស្ត្រីៗ ពេលមាតុភាព។ បើតាមលោកស្រី សព្វថ្ងៃ មានត្រឹម ៩៨ថ្ងៃប៉ុណ្នោះសម្រាប់ការសម្រាកមាតុភាព ហើយក្នុងចំណោមនេះ មាន៨ថ្ងៃ មិនទទួលបានប្រាក់កម្រៃទេ។
រីឯ លោកស្រី Jaicheundee ជាកម្មករោងចក្រ បានលើកឡើងថា «បាតុកម្មនេះចង់ឲ្យស្ត្រីៗដឹងថា ពួកយើងមានសិទ្ធិផ្ទាល់ខ្លួន ហើយយើងមិនត្រូវឲ្យអ្នកផ្សេងទៀតមកបំពានលើយើងដែរ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


