ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង៖ បរិវត្តកម្មឌីជីថល ផ្តល់ឱ្យស្ត្រី និងក្មេងស្ត្រី នូវលទ្ធភាពទទួលបានព័ត៌មាន និងការអប់រំកើនឡើង
កណ្តាល៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា បរិវត្តកម្មឌីជីថល បានផ្តល់ឱ្យស្ត្រី និងក្មេងស្ត្រី នូវលទ្ធភាពទទួលបានព័ត៌មាន និងការអប់រំកើនឡើង។ ជាមួយនឹងការកើនឡើងនៃវេទិកាសិក្សាតាមអ៉ីនធឺណិត និងធនធានអប់រំស្ត្រី និងក្មេងស្រីនៅគ្រប់ជ្រុងដាច់ស្រយាលបំផុតនៃពិភពលោក ក៏អាចទទួលបាននូវការអប់រំប្រកបដោយគុណភាព។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង បានថ្លែងដូចនេះ ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះនៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសំដែងនូវការកោតសរសើរ និងគាំទ្រប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល។ដោយបានគូសរំលេចពីគុណតម្លៃនៃសុខសន្តិភាពក្នុងរយៈពេលជាង២៦ឆ្នាំ ដែលកើតចេញពីការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិ បានធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលជាតិធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ជាច្រើន និងរក្សាបានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះស្ត្រី គឺជាស្នូល។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ក៏បានជំរុញបន្ថែមឲ្យយោធិននារី ត្រូវយកចិត្តទុកដាក់អភិវឌ្ឍមូលធនមនុស្ស និងឌីជីថល តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ពង្រឹងសមត្ថភាពជំនាញស្របតាមបច្ចេកវិជ្ជាទំនើបក្នុង យុគសម័យថ្មី គោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់ លក្ខន្តិកៈទូទៅចំពោះ ខ.ភ.ម និងបទបញ្ជានានា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទួនាទីភារកិច្ចការពារជាតិ និងការអភិវឌ្ឍជាតិឱ្យរីកចម្រើន ៕
ប្រភពខេត្តកណ្តាល



