រដ្ឋមន្ត្រីសង្គមកិច្ចស្នើប្ដូរពីការរើសអើង ទៅជាការយល់ដឹងអំពីជនមានពិការភាព
ភ្នំពេញ: ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវ និងលើកទឹកចិត្តដល់ជនានុជន នៅទូទាំងប្រទេស មេត្តាប្ដូរពីការរើសអើងចំពោះជនមានពិការភាព ទៅជាការយល់ដឹងអំពីពួកគាត់វិញ ។
រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតដល់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែបានយកចិត្តទុកដាក់គ្រប់ទិដ្ឋភាពទៅលើបងប្អូនជនមានពិការភាពគ្រប់ប្រភេទ ជាក់ស្ដែងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាដើម បានជ្រើសរើសជនមានពិការភាពចូលធ្វើការទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន ។
នេះជាប្រសាសន៍របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងពិធីសំណេះសំណាលជាមួយជនមានពិការភាព នៅឯសមាគមតន្ត្រីសំនៀងជនពិការ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានឱ្យដឹងថា សមាគមតន្ត្រីសំនៀងជនពិការ បង្កើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ដែលកាលណោះ មានសមាជិកត្រឹមតែ ១៥នាក់ប៉ុណ្ណោះ ។
បច្ចុប្បន្ននេះ មានសមាជិក សមាជិកា ជាជនមានពិការភ្នែក និងពិការភាពកាយសម្បទា សរុប ៧០០នាក់ ដោយមានបណ្ដុះបណ្ដាលតន្ត្រី និងចម្រៀងសម័យបុរាណ ពិធីករ ពិធីការិនី អក្សរស្ទាប និងម៉ាស្សាដៃទេពជាដើម ។ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលតែងតែបាននៅជាមួយបងប្អូនជនមានពិការភាពនៅទីនេះជានិច្ច បានលើកឡើងអំពីស្ថានភាពដ៏លំបាករបស់ជនមានពិការភាពនៅទីនេះ រួមទាំងការរើសអើងពីអ្នកដទៃផង ។
ទោះយ៉ាងណា ក្រោយមកទទួលបានការប្រោសប្រណីដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មួយអន្លើដោយថ្នាក់ដឹកនាំ និងសប្បុរសជននានា ដូចជាលោកស្រី ម៉ុម ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ជាដើម ទើបស្ថានភាពរបស់បងប្អូនមានភាពប្រសើរឡើង និងរស់នៅក្នុងភាពកក់ក្ដៅ ។
គួរជម្រាបជូនថា ក្រៅតែពីឧបត្ថម្ភថវិកា ១០លានរៀល ខណៈដែលសប្បុរសជនផ្សេងទៀត ក៏ឧបត្ថម្ភថវិកា និងគ្រឿងបរិភោគជាដើមទៅ ឯកឧត្តម ជា សុមេធី ក៏បានសន្យាថានឹងឧបត្ថម្ភឧបករណ៍តន្ត្រីមួយឈុត ដល់សមាគតន្ត្រីសំនៀងជនពិការ ផងដែរ ៕ អត្ថបទ: ឈឹម ទីណា





