កម្ពុជាមានសំណល់អាហារជាងមួយលានតោនក្នុងមួយឆ្នាំ ខ្ជះខ្ជាយនិងប៉ះពាល់បរិស្ថាន

ភ្នំពេញ៖កម្ពុជាមានកាកសំណល់រឹងដែលបង្កើតពីសកម្មភាពមនុស្ស និងអាជីវកម្ម ប្រមាណ៤លានតោនក្នុង១ឆ្នាំ។ ក្នុងនេះ៦០ភាគរយជាសំណល់សិរីរាង្គដែលងាយរលាយ ហើយក្នុងចំណោម៦០ភាករយនៃសំណល់សរីរាង្គនេះ មានកាកសំណល់អាហារប្រមាណ៥០ភាគរយ ឬស្មើនឹងជាង១លានតោន។ នេះបើយោងតាមក្រសួងបរិស្ថាន។ បើគ្រប់គ្រងមិនបានល្អ សំណល់អាហារដ៏ច្រើនសន្ធឹកនេះអាចបង្កើតឱ្យទៅជាឧស្ម័នមេតាន ដែលបំពុលបរិយាកាសធ្ងន់ធ្ងរ និងអាចបង្កជាឧស្ម័នផ្ទះកញ្ចក់ដែលជំរុញឲ្យភពផែនដីឡើងកម្តៅ។

លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថានលើកឡើងថា កាកសំណល់អាហារក៏អាចបំពុលទឹកផងដែរ ដែលបង្កគ្រោះថ្នាក់ដោយប្រយោលដល់មនុស្សនិងសត្វ។ ក្រៅពីសំណល់អាហារដែលជាក្តីព្រួយបារម្ភ កាកសំណល់ផ្សេងទៀតដែលបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរដែឬនោះ មានដូចជាសំណល់ក្នុង

វិស័យឧស្សាហកម្ម វិស័យសំណង់ និងវិស័យផ្សេងៗទៀត។

លោក ង៉ែត បុល សម្គាល់ឃើញពីកង្វះការយល់ដឹងជាសាធារណៈ និងការខ្វះខាតការអនុវត្តការគ្រប់គ្រងសំណល់ដែលនាំឲ្យបញ្ហាសំណល់រឹងដែលរួមទាំងសំណល់អាហារនៅតែជាបញ្ហាចោទដល់បរិស្ថាន។ លោកបន្តថា ការព្យាយាមកែច្នៃសំណល់ឲ្យអស់លទ្ធភាពជាដំណោះស្រាយមួយ ដូចជាច្នៃជាអាហារសម្រាប់ចិញ្ចឹមសត្វ និងបំប្លែងទៅជាជីកំប៉ុសជាដើម។

គួរសម្គាល់ថា កំណើនប្រជាជន និងសន្ទុះការអភិវឌ្ឍន៍ក្នុងវិស័យនានា បានធ្វើឲ្យសំណល់រឹងកើនឡើងគុណនឹង២បើធៀបទៅនឹងឆ្នាំ២០១៩ដែលមានតែពីរលានតោន។ សំណល់រឹងភាគច្រើនមានប្រភពពីលំនៅឋាន សណ្ឋាគារនិងផ្ទះសំណាក់ ភោជនីយដ្ឋាន និងតាមផ្សារនានា។ ប៉ុន្តែ ការទុកដាក់ និងបែងចែកសំរាមនៅមិនទាន់បានត្រឹមត្រូវទៅតាមប្រភេទនៅឡើយ។ ចំណែក ទីលានទុកដាក់សំរាមសំណង់រឹងមានជាង១០០កន្លែងនៅទូទាំងប្រទេស ប៉ុន្តែ សំណល់តែ ២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។

បទបញ្ញត្តិជាច្រើនត្រូវបានបង្តើតឡើងដើម្បីគ្រប់គ្រងសំរាម។ គោលនយោបាយចុងក្រោយគឺគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០។ ដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកក៏បានជួយកម្ពុជាក្នុងការគ្រប់គ្រងសំរាមផងដែរ ប៉ុន្តែ បញ្ហាប្រឈមនៅតែមាន។

ជាការរួមចំណែកកាត់បន្ថយសំណល់អាហារ លោក ង៉ែត បុល នៃក្រសួងបរិស្ថាន លើកទឹកចិត្តដល់ប្រជាគួរចំអិនឬបរិភោគអាហារឱ្យសមល្មម មិនត្រូវឱ្យសេសសល់ខ្ជះខ្ជាយដែលនាំឲ្យខាតបង់ថវិកា និងប៉ះពាល់ដល់បរិស្ថាន។

នៅក្នុងពិភពលោកប្រទេសដែលមានសំណល់ច្រើនជាងគេគឺ ប្រទេសចិន តាតមបន្តដោយ គឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ ប្រេស៊ីស និង ជប៉ុន។ នេះបើតាមការចុះផ្សាយដោយគេហទំព័រ thestreet.com៕

ដោយៈសែន ដាវីត រូបថតៈលោក ង៉ែត បុល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner