អាជីវកម្មខ្វះទ្រព្យបញ្ជាំអាចស្នើរសុំការធានាឥណទានពី CGCC

ភ្នំពេញ៖សហគ្រាសខ្នាតតូច និងមធ្យម ឬ SME នៅទូទាំងប្រទេសកម្ពុជា ដែលខ្វះទ្រព្យបញ្ជាំសម្រាប់ខ្ចីដើមទុនពីគ្រឹះស្ថានហិរញ្ញវត្ថុ អាចស្នើរសុំការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ ជាជំហានដំបូងម្ចាស់អាជីវកម្មត្រូវស្នើសុំកម្ចីទៅកាន់ធនាគារឬមីក្រូហិរញ្ញវត្ថុដែលជាដៃគូរបស់ CGCC និងត្រូវឆ្លងកាត់ការវាយតម្លៃមុន CGCC ផ្តល់ការធានា។ ទំហំធានាដែល CGCC អាចផ្តល់ឱ្យមានចំនួន ៨០ភាគរយ នៃកម្ចីដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ។

សាជីវកម្មធានាឥណទានកម្ពុជា គឺជាសហគ្រាសសាធារណៈចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស្ថាប័ននេះ ដើរតួជាអ្នកផ្តល់ការធានាឥណទានឲ្យក្រុមហ៊ុនអាជីវកម្ម ជាពិសេស SME ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្ចីអាជីវកម្មជិត ២ ០០០ នៅទូទាំងប្រទេសទទួលការធានាឥណទាន CGCC ក្នុងទំហំកម្ចីសរុបជាង ១៧០លានដុល្លារ។

ការធានាឥណទានជួយអ្នកខ្ចីឱ្យទទួលបានកម្ចីទោះបីគ្មានទ្រព្យបញ្ចាំ និងជួយអ្នកខ្ចីឱ្យទទួលបានកម្ចីច្រើនជាងមុន ជាងការខ្ចីដោយគ្មានការធានាឥណទាន។ តួយ៉ាង ប្រសិនបើម្ចាស់អាជីវកម្មមានទ្រព្យបញ្ចាំតម្លៃ ១០ម៉ឺនដុល្លារ ជាទូទៅ ធនាគារអាចផ្តល់កម្ចីក្នុងរង្វង់ ៧០ភាគរយនៃតម្លៃទ្រព្យបញ្ជាំ ឬស្មើនឹង ៧ម៉ឺនដុល្លារប៉ុណ្ណោះ។ ប៉ុន្តែ បើមានការធានាឥណទានពី CGCC ជាមួយនឹងទ្រព្យបញ្ចាំ ១០ម៉ឺនដុល្លារដូចគ្នា ធនាគារអាចផ្តល់កម្ចីរហូតដល់ ១០០ភាគរយនៃតម្លៃទ្រព្យបញ្ជាំ។

គួរសម្គាល់ថា សហគ្រាសតូច និងធម្យម  ជាមូលដ្ឋានបង្កើតការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។ បច្ចុប្បន្ននេះ ជាង៧០ភាគរយនៃការផ្តល់ការងារនៅកម្ពុជាបានពី វិស័យSME។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ក្រសួងឧស្សាហកម្ម បង្ហាញថា SME មានជាង ៤ម៉ឺន៤ពាន់មូលដ្ឋាន និងបានផ្តល់ការសរុបជាង ៤៦ម៉ឺនកន្លែង។ ជាង៦០ភាគរយ នៃសហគ្រាសទាំងនេះមានស្ត្រីជាអ្នកគ្រប់គ្រង។

ទោះយ៉ាងនេះក្តី សហគ្រាសជាច្រើនប្រឈមនឹងបញ្ហាមួយចំនួនដែលរាំងស្ទះដល់ការលូតលាស់ ក្នុងនោះមានទាំង លទ្ធភាពទទួលបានជំនួយហិរញ្ញវត្ថុ ឬកម្ចី ដោយសារតែពួកគេជាទូទៅមានដើមទុនតិច មានប្រតិបត្តិការតូច និងខ្លះខ្វះខាតផ្នែកបច្ចេកទេស ចំណេះ និងព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពេលថ្មីៗកន្លងទៅ បានលើកឡើងពីតួនាទីដ៏សំខាន់របស់ SME ដែលចាំបាច់ត្រូវតែទទួលបានការគាំទ្រ និងយកចិត្តទុកដាក់៕

ដោយ៖គឹម ម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner