ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ៖លទ្ធផលល្អនៅក្នុងឆ្នាំ២០២៣របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងសហការល្អរបស់នាយ-ពលទាហានទាំងអស់
(កណ្តាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានលើកឡើងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ ចំពោះលទ្ធផលការងារល្អនៅឆ្នាំ២០២៣កន្លងទៅនេះ ចំពោះលទ្ធផលឯកភាពចំណុះ ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់នាយ-ពលទាហាន ទាំងអស់ទូទាំងយោធភូមិភាគពិសេស និយាយជារួម និងនិយាយដោឡែក តំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងការសម្រេចជោគជ័យរាល់ភារកិច្ច តាមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក ក៏ដូចយោធភូមិភាគពិសេស និងរាល់បទបញ្ជារបស់ថ្នាក់លើ ដូចជា ក្នុងកិច្ចសហការការពារ សន្តិសុខសុវត្តិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងបង្រ្កាបបទល្មើសផ្សេងៗ តាមគោលនយោបាយ ៧ចំណុចគឺឃុំសង្កាត់មានសុវត្តិភាព ពិសេសកិច្ចសហការការពារចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺឆ្លងនានានៅតាមច្រកទ្វាព្រំដែនចេញចូល កម្ពុជា-វៀតណាម ពីសំណាក់ប្រជាពលរដ្ឋ កម្មករនិយោជក និងភ្ញៀវបរទេស ចូលរួមសហការជាមួយគណបញ្ជាការឯកភាព ខេត្តក្រុង ស្រុកខណ្ឌ័ បានទាន់ពេលវេលា ទៅតាមផែនការក៏ដូចជា សារាចរណ៍ណែនាំ យើងសហការការពារ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ សម្រចបាននូវរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ក្នុងភូមិសាស្រ្តដឹកនាំគ្រប់គ្រង់របស់ខ្លួន ។
ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងផ្សព្វផ្សាយ ផែនការ ការងារយោធា សន្តិសុខឆ្នាំ២០២៤ នៅទីបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងដោយមានការអញ្ចើញចូលរួមអមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក វរសេនាតូចលេខ១ ដែលជា នាយទាហាន នាយទាហានរង ពលទាហាន សរុប ១៣០ នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពូ សាប៊ុតឌី មានប្រសាសន៍ថា លើកឡើងពីថ្នាក់ដឹកនាំក៏ដូចជាយោធិនក្រោមឱវាទ បានចូលរួមចែករំលែក បរិច្ចាកនូវសម្ភារៈ ស្បៀងអាហារជាច្រើន ដើម្បីចូលរួមរំដោះភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៧ របស់រាជរដ្ឋាភិបាល ។
ឯកឧត្តម គូសបញ្ជាក់ថា «យើងឃើញបើទោះបីជាយើងជួបការលំបាកយ៉ាងណាក៏ដោយ ឃើញថានៅតែមានការចូលរួមសហការ ផ្តល់ជាថវិកាផ្ទាល់ខ្លួនដើម្បីចូលរួម មិត្តជួយមិត្ត កំពុងជួបប្រទះនូវបញ្ហាផ្សេងៗ គឺយើងបានរួមជួយដល់សមមិត្តផ្សេងៗ បន្ថែមលើថវិការបស់រដ្ឋ តិចច្រើទៅតាមភាពជាក់ស្តែងដែលនេះគឺជាការសាមគ្គីមួយដ៏ថ្លៃថ្លាបំផុត ដែលស្ថិតនៅក្នុងក្របខណ្ឌយោធា ក៏ដូចជាក្រុមគ្រួសារដូចគ្នា។
ឯកឧត្តម ឧត្តមសេនីយ៍ ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនិងការយកចិត្តទុកដាក់របស់រាថ្នាក់ដឹកនាំ យោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល បផ្តេជ្ញាស្មោះត្រង់ដាច់ខាត និងគោរពអនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាកាលទី១ ដែលមានបាវចនា ០៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តអនុវត្តនូវ បាវចនា២ អភិក្រម៥ បទបញ្ញាតិ្ត១០ និងបទបញ្ញាត្តិ ៦មិន ៨ត្រូវ រស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអញ្ជើញបំពាក់ នូវគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាយ-ពលទាហានដែលមានស្នាដៃឆ្នើម ក្នុងនោះមានថ្នាក់ព្រះរាជក្រឹត្យ ចំនួន ១០គ្រឿង បំពាក់ឋានន្តរសក្តិ ចំនួន ០៨នាក់ និងផ្តល់ជូន ប័ណ្ណសរសើរ និងលិខិតសរសើរ ចំនួន ២០នាក់ផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ










