ផ្តល់កាសឌីជីថលជំនួយការស្តាប់៧០០គ្រឿងដល់កុមារខ្សោយការស្តាប់

អង្គការ​សុខភាព​ត្រចៀកនៅកម្ពុជា All Ears Cambodia កំពុងផ្តល់ឧបករណ៍​ជំនួយ​ការ​​ស្តាប់ ប្រភេទឌីជីថល ចំនួន៧០០ គ្រឿង ដោយមិនគិតថ្លៃ​។ កុមារអាយុក្រោម១៨ ឆ្នាំ ដែលមានបញ្ហាខ្សោយការស្តាប់អាចទៅស្នើរសុំកាសត្រចៀកដ៏ទំនើបនេះនៅអង្គការដែលស្ថិតនៅសង្កាត់ចតុមុខនៃរាជធានីភ្នំពេញ។

លោកស្រី រស់ ប៊ុណ្ណារ៉េត ប្រធាន​អង្គការ​សុខភាព​ត្រចៀក​នៅកម្ពុជា​បាន​ប្រាប់ទូរទស្សន៍អប្សរាថា​ ឧបករណ៍​ជំនួយ​ការ​ស្តាប់​ប្រភេទឌីជីថលមាន​គុណភាពខ្ពស់ ផលិតនៅប្រទេសស្វីស។ វាមានប្រសិទ្ធភាពខ្លាំង​ដែលអាចជួយឲ្យកុមារស្តាប់លឺល្អ។

​​ការ​បាត់បង់​ការ​ស្តាប់​​ ​អាច​កើត​​មាន​ពីកំណើត ឬអាចកើតឡើងក្នុងវ័យកុមារភាពដែលភាគច្រើនអាចបណ្តាល​មក​ពីការ​ឆ្លង​មេរោគ​អំឡុង​ពេល​មានផ្ទៃពោះ ដូចជា​ឆ្លង​មេរោគ​ស្អូច ជាដើម។ ចំណែក​ការ​បាត់បង់​ការ​ស្តាប់​ក្នុង​វ័យ​កុមារភាពអាច​បណ្តាល​មកកពីជំងឺឆ្លងចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ការស្តាប់របស់កុមារ ដូចជា ជំងឺរលាក​ស្រោមខួរក្បាល ឬការ​បង្ករោគ​នៅ​ក្នុង​ត្រចៀក​ដែល​កើត​ឡើង​ញឹកញាប់ និងរបួសពី​ប៉ះ​ទង្គិច ជាដើម។

លោកស្រី រស់ ប៊ុណ្ណារ៉េត បានលើកឡើងថា កុមារ​ដែល​មាន​កម្សោយ​ការ​ស្ដាប់ ជះឥទ្ធិពលដល់​ការនិយាយ ហើយវាក៏ប៉ះពាល់ផងដែរដល់​ការ​អភិវឌ្ឍ និង​សុខុមាល​ភាព​ផ្លូវចិត្ត​របស់កុមារ។ មិនត្រឹមតែប៉ុណ្ណោះ វាឈានធ្វើឱ្យកុមារ បាត់ឱកាសជាច្រើននៅពេល​ឈាន​ដល់ពេលពេញ​​វ័យ ដូចជាបាត់​​ឱកាស​ការងារ និងការរកប្រាក់ចំណូលជាដើម​។ ដូច្នេះ ការព្យាបាលទាន់ពេលវេលាជារឿងសំខាន់បំផុត។

យោងតាមអង្គការសុខភាពពិភពលោក នៅតំបន់អាស៊ីអាគ្នេហ៍វិញ មានប្រជាជនជាង ៤០0លាននាក់បានបាត់បង់ការស្ដាប់ឮ ហើយនៅត្រឹមឆ្នាំ២០៥០ នឹងមានប្រជាជនចំនួន៦៦៦លាននាក់ ប្រឈមនឹងការបាត់បង់ការស្តាប់ឮ។ ជនមានពិការភាពបាត់បង់ការស្ដាប់ឮ ជិត៨០ភាគរយ រស់នៅតាមបណ្តាប្រទេសមានប្រាក់ចំនូលទាប និងប្រាក់ចំនូលមធ្យម ហើយភាគច្រើនបំផុត មិនបានទទួលសេវាកម្មពិនិត្យ និងព្យាបាលឡើយ។ ទិន្និន័យនេះត្រូវបានលើកយកមកបង្ហាញដោយ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជា សហស្ថាបនិកមូលនិធិរក្សាកុមារ។ ប៉ុន្តែពុំទាន់តួលេខផ្លូវការណាមួយដែលបង្ហាញពីអត្រាកុមារកម្ពុជាដែលមានបញ្ហាស្តាប់នេះនៅឡើយទេ។

យោងតាមអង្គការ​សុ​ខភា​ព​ត្រ​ចៀ​កនៅ​​កម្ពុ​ជាដែល​មានបេសកម្ម​ជាង​២០ឆ្នាំមកហើយ​នៅ​កម្ពុជា ឲ្យដឹងថា មានកុមារខ្មែរដែលមានបញ្ហាការស្តាប់មកពិគ្រោះព្យាបាលជាបន្តបន្ទាប់។ អង្គការនេះបានចែកកាសត្រចៀក៧០០គ្រឿងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២ មក៕ ដោយ៖សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner