ស្ត្រីរាប់សែននាក់ធ្វើបាតុកម្មទូទាំងតំបន់អាមេរិកឡាទីន ក្នុងថ្ងៃនារីអន្តរជាតិ
បរទេស៖ នៅទូទាំងតំបន់អាមេរិកឡាទីន មានស្ត្រីរាប់សិបម៉ឺននាក់បានដើរ តាមដងផ្លូវជាក្បួនដង្ហែ ដើម្បីទាមទារសិទ្ធិរបស់ខ្លួន នៅក្នុងថ្ងៃទិវានារីអន្តរជាតិ។
ការដើរដង្ហែរជាក្បួនរបស់ស្ត្រីៗ មកពីទូទាំងតំបន់អាមេរិកឡាទីននេះ រួមមាន នៅប្រទេសម៉ិកស៊ិក, អាហ្សង់ទីន, កូឡុំប៊ី, អែលសាល់វ៉ាឌ័រ, វេណេហ្ស៊ុយអេឡា, ប៉ារ៉ាហ្គាយ, ឈីលី, អ៊ុយរុហ្គាយ និងប្រេស៊ីល កាលពីថ្ងៃសុក្រ ដែលជាថ្ងៃទិវានារីអន្តរជាតិ ៨ មីនា។
សកម្មជនរាប់សិបម៉ឺននាក់បានដើរតាមដងផ្លូវ ក្នុងរដ្ឋរាជធានី នៃប្រទេសទាំងនេះ ដើម្បីការពារសិទ្ធិរបស់ពួកគេ។ ជាមួយនឹងសម្លៀកបំពាក់ពណ៌ស្វាយ ស្ត្រីៗទាំងនេះ ចង់ឲ្យទប់ស្កាត់អំពើហិងក្សាលើនារី និងក្មេងស្រី នៅក្នុងតំបន់ ខណៈដែលគេមើលឃើញពីការកើនឡើង នៃអំពើហិង្សាលើស្ត្រី។
យោងតាមតួលេខពីគណៈកម្មការសេដ្ឋកិច្ច សម្រាប់អាមេរិកឡាទីន និងតំបន់ការាបៀន ហៅកាត់ថា ECLAC បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានសម្លាប់ ក្រោមហេតុផលទាក់ទងនឹងយេនឌ័រ នៅក្នុងតំបន់នេះ រៀងរាល់ ពីរម៉ោងម្តង។
សម្រាប់ប្រទេសម៉ិកស៊ិក មានស្ត្រីតវ៉ាប្រមាណ៣ម៉ឺននាក់ ឆ្លងកាត់ផ្លូវសំខាន់ៗ ក្នុងរដ្ឋធានីម៉ិកស៊ិកូ។ ប្រទេសមួយនេះកំពុងត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតី ឆាប់ៗនេះ ដោយក្នុងនោះ ស្ត្រីពីររូប កំពុងមានសម្លេងគាំទ្រខ្លាំង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
