ដឹកនាំសិស្សចំណាត់ថ្នាក់ល្អលេខ ១ដល់លេខ ៥ ប្រចាំឆ្នាំសិក្សា២០២២-២០២៣ អនុវិទ្យាល័យ ព្រៃព្រាល ធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប 

កំពង់ធំ៖​ ជាសកម្មភាពលើកទឹកចិត្ត និងគួរឲ្យសរសើរលោកគ្រូ ម៉ាក់ សាននី នាយកអនុវិទ្យាល័យព្រៃព្រាល និងលោកគ្រូ អ្នកគ្រូ បានដឹកនាំសិស្សានុសិស្សចំណាត់ថ្នាក់ល្អប្រចាំឆ្នាំសិក្សា ២០២២-២០២៣ ចំនួន២២នាក់ ធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរនិងទឹកដីខេត្តសៀមរាប ក្នុងគោលបំណងទ្រឹស្តីផ្សារភ្ជាប់នឹងគំហើញជាក់ស្ដែង។

  លោកគ្រូ ម៉ាក់ សាននី បានរៀបរាប់ថា សិស្សានុសិស្សដែលយកចិត្តទុកដាក់សិក្សាបានល្អ ពួកគេគួរតែទទួលបានការលើកទឹកចិត្ត។ដូច្នេះហើយក្នុងនាមជានាយកសាលា លោកគ្រូ អ្នកគ្រូ ចង់ឱ្យសិស្សមានបទពិសោធន៍ក្នុងការស្រាវជ្រាវពីប្រវត្តិសាស្រ្តប្រាសាទបុរាណនៅក្នុងប្រទេសកម្ពុជា។ ពិសេសប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាប ដែលមានប្រាសាទបុរាណជាច្រើន ទើបយើងរៀបចំកម្មវិធីនេះឡើង ។

      ជាមួយគ្នានេះលោកនាយកក៏បានណែនាំដល់សិស្សដែលមកទស្សនកិច្ចសិក្សា យកចិត្តទុកដាក់ជាមួយលោកគ្រូជំនាញដែលបង្ហាញពីប្រវត្តិសាស្ត្រនៃប្រាសាទអង្គរវត្ត និងកន្លែងកម្រាន្តជាច្រើនទៀត ដើម្បីយកទៅស្រាវជ្រាវបន្ថែម ហើយក៏ជួយពន្យល់ដល់សិស្សនៅក្នុងថ្នាក់រៀនរបស់ខ្លួន បងប្អូនក្នុងក្រុមគ្រួសារ ពីអ្វីដែលខ្លួនបានឃើញ និងបានយល់ដឹងពីដំណើរកម្សាន្តបែបសិក្សានេះ។

  លោក ម៉ាក់ សាននី ក៏បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលបានមកទស្សនកិច្ចសិក្សាបន្តខិតខំរៀន ខិតខំបង្រៀនតទៅទៀត។

សម្រាប់ដំណើរកម្សាន្តរបស់សិស្សពូកែ និងលោកគ្រូ អ្នកគ្រូ នាពេលនេះ មាន៤កន្លែងទីតាំងធំៗគឺ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ព្រះលានជល់ដំរី និងរមណីយដ្ឋានបារាយណ៍ទឹកថ្លា៕
ដោយ ៖ប៊ុន រដ្ឋា

ads banner