វ៉ាក់សាំងការពារជំងឺគ្រុនចាញ់នឹងចែកចាយ នៅទ្វីបអាហ្វ្រិក ក្នុងខែឧសភា

ញូវដែលី៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ថ្មី ដែលមានតំលៃថោកនៅទ្វីបអាហ្រ្វិកចាប់ពីខែឧសភាខាងមុខ ដើម្បីជំរុញការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវបំផុតមួយនេះនៅទូទាំងពិភពលោក។

វិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា (SII) នៅឆ្នាំ២០២៤នេះ គ្រោងនឹងបញ្ជូនវ៉ាក់សាំងថ្មីចំនួន ២៥លានដូស ដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford និងត្រូវបានគេស្គាល់ថា R21 ទៅកាន់បណ្តាប្រទេសនានានៅទ្វីបអាហ្វ្រិក។ នាយកប្រតិបត្តិវិទ្យាស្ថាន SII លោក Adar Poonawalla និយាយថា ស្ថិតក្រោមលក្ខខណ្ឌដ៏សំខាន់ និងការសង្គ្រោះជីវិតមនុស្ស វ៉ាក់សាំងថ្មីនេះនឹងក្លាយជាវ៉ាក់សាំងដែលមានឥទ្ធិពលបំផុត។

លោកនាយកប្រតិបត្តិបន្ថែមថា យើងនឹងលក់វ៉ាក់សាំងទាំងនេះដល់ទ្វីបអាហ្រ្វិកក្នុងតម្លៃត្រឹម ៤ដុល្លារ ឬទាបជាងនេះក្នុងឆ្នាំដំបូង។
អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺគ្រុនចាញ់ដែលបណ្តាលមកពីសត្វមូស បានសម្លាប់ជីវិតមនុស្សប្រមាណជាង ៦០០,០០០នាក់ក្នុងមួយឆ្នាំ ហើយ៩៥ភាគរយនៃអ្នកស្លាប់ គឺស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។

ករណីស្លាប់ដោយសារបានកើនឡើងខ្លាំង ក្នុងចំណោមកុមារតូចៗ ហើយចំនួនអ្នកស្លាប់ប្រចាំឆ្នាំនៃជំងឺគ្រុនចាញ់ ក្នុងនោះមានកុមារអាហ្វ្រិកជិតកន្លះលាននាក់ ដែលមានអាយុក្រោម ៥ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner