ក្រុមហ៊ុនប្រេង Aramco ធ្លាក់ចុះប្រាក់ចំណេញ ២៤.៧ភាគរយ ក្នុងឆ្នាំ ២០២៣
រីយ៉ាដ៖ ក្រុមហ៊ុនប្រេង Saudi Aramco របស់អារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃអាទិត្យ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញចំនួន ២៤.៧ភាគរយ ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន ដោយសារតែតម្លៃប្រេងទន់ខ្សោយ និងការកាត់បន្ថយផលិតកម្មប្រេង។
ក្រុមហ៊ុនប្រេងយក្សរបស់ពិភពលោកមួយនេះ បានបញ្ជាក់នៅក្នុងឯកសារមួយផ្ញើទៅកាន់ទីផ្សារភាគហ៊ុនអារ៉ាប៊ីសាអូឌីតថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនមានចំនួន ១២១.២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ តួលខនេះធ្លាក់ចុះខ្លាំងធៀបនឹងឆ្នាំ២០២២ មានចំនួន ១៦១.០៧ពាន់លានដុល្លារ។
ក្រុមហ៊ុនប្រេង Aramco បានអះអាងថា ការថយចុះជាចម្បង ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃតម្លៃប្រេងឆៅ និងបរិមាណលក់ធ្លាក់ចុះទាប ក៏ដូចជាការចម្រាញ់ប្រេងធ្លាក់ចុះ។ កាលពីឆ្នាំមុន តម្លៃប្រេងបានធ្លាក់ចុះមកត្រឹម ៨៥ដុល្លារក្នុងមួយបារ៉ែល ដែលបណ្តាលឱ្យប្រាក់ចំណេញពីមួយឆ្នាំទៅមួយឆ្នាំរបស់ក្រុមហ៊ុន Aramco ធ្លាក់ចុះ ២៣ភាគរយនៅក្នុងត្រីមាសទីបី, ៣៨ភាគរយនៅក្នុងត្រីមាសទីពីរ និង ១៩.២៥ភាគរយនៅក្នុងត្រីមាសទីមួយកាលពីឆ្នាំមុន។ ប៉ុន្តែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ បានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ ដោយបានឡើងដល់តម្លៃកំពូលជាង ១៣០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនោះ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Jadwa Investment មានមូលដ្ឋាននៅទីក្រុងរីយ៉ាដ បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅក្នុងខែតុលាថា តម្លៃប្រេងត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ប្រហែល ៨៨ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៤នេះ ដោយសារតែភាពមិនប្រាកដប្រជាជាសកល ដែលជំរុញដោយសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ហើយក្រុមហ៊ុននេះក៏បានព្យាករផងដែរថា តម្លៃប្រេងនឹងឈានដល់ ៩០ដុល្លារក្នុងមួយបារ៉ែលនៅចុងឆ្នាំ២០២៤៕ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

