អាមេរិកជម្លៀសពលរដ្ឋខ្លួនចេញពីអំពើហិង្សានៅហៃទី
ព័រអូប្រុំាង៖ ស្របពេលរដ្ឋធានីរបស់ហៃទី កាន់តែធ្លាក់ជ្រៅក្នុងអំពើហិង្សារបស់ក្រុមបងធំ សហរដ្ឋអាមេរិក ក្នុងថ្ងៃអាទិត្យ និយាយថា ខ្លួនបានជម្លៀសបុគ្គលិកជនជាតិអាមេរិកដែលមិនសំខាន់ ចេញពីស្ថានទូតរបស់ខ្លួននៅរដ្ឋធានី ព័រអូប្រុំាង ហើយនឹងបន្តជម្លៀសបន្ថែមទៀត ស្ថិតក្រោមហេតុផលសន្តិសុខ។
យោធាអាមេរិក ក្នុងថ្ងៃអាទិត្យ និយាយថា ខ្លួនបានធ្វើប្រតិបត្តិការមួយ ក្នុងការបង្កើនសន្តិសុខរបស់ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីព័រអូប្រុំាង ដើម្បីអនុញ្ញាតឱ្យបេសកកម្មស្ថានទូតរបស់យើងបន្តដំណើរការ ហើយអនុញ្ញាតឱ្យបុគ្គលិកដែលមិនសំខាន់ចាកចេញ។
បើតាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការយោធាអាមេរិក ការជម្លៀសបុគ្គលិកតាមជើងហោះហើរចេញពីស្ថានទូត គឺស្របទៅនឹងការអនុវត្តស្តង់ដាររបស់យើង សម្រាប់ការបង្កើនសន្តិសុខរបស់ស្ថានទូត។
ចំណែកស្ថានទូតអាមេរិកប្រចាំរដ្ឋធានីព័រអូប្រុំាង ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X ដែរថា ខ្លួននៅតែបើកទ្វារចំហរ ហើយថា អំពើហិង្សារបស់ក្រុមបងធំកាន់តែខ្លាំងឡើង នៅក្នុងសង្កាត់ក្បែរបរិវេណស្ថានទូតអាមេរិក និងនៅជិតអាកាសយានដ្ឋាន ទើបក្រសួងការបរទេសរៀបចំការជម្លៀសបុគ្គលិកស្ថានទូតបន្ថែមទៀត។
គួរបញ្ជាក់ថា រដ្ឋាភិបាលហៃទីបានបន្តដាក់ប្រទេសក្នុងភាពអាសន្ន ចំពេលមានសកម្មភាពឆក់ប្លន់ និងការវាយប្រហារជាច្រើនលើប៉ុស្តិ៍ប៉ូលិស។ ក្រុមជនអន្ធពាលប្រដាប់ដោយអាវុធកំពុងអំពាវនាវឱ្យមានការផ្ដួលរំលំរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry ដែលកំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេស ហើយមិនអាចវិលត្រលប់ចូលស្រុកបាន និងកំពុងតស៊ូប្រមូលផ្តុំការគាំទ្រពីអន្តរជាតិទៅកំចាត់ក្រុមបងធំ។
យោងតាមអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានឱ្យដឹងថា ភាពចលាចលរបស់ក្រុមបងធំ បានធ្វើឱ្យជនជាតិហៃទីប្រហែល ៣៦២,០០០នាក់បង្ខំចិត្តផ្លាស់ទីលំនៅក្នុងស្រុក ហើយច្រើនជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


