នៅសល់ ៣២ថ្ងៃទៀត ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ នឹងស្ថាបនារួចរាល់ ដើម្បីដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ ដែលបាន និងកំពុងសាងសង់ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យរាជធានី នៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យនឹងត្រូវបញ្ចប់ការសាងសង់ ៣២ថ្ងៃខាងមុខនេះ។

គិតត្រឹមថ្ងៃទី១១ មីនា ២០២៤នៅសល់តែ ៣២ថ្ងៃទៀត ការ សាងសង់ ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ នឹងត្រូវបញ្ចប់ ។ ស្ពានអាកាសមរតកតេជោនេះដឹកនាំការសាងសង់ដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

អរគុណសន្តិភាព និងការអភិវឌ្ឍ សមិទ្ធផលថ្មីបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។

ស្ពានអាកាស មរតកតេជោ ត្រូវបានធ្វើពិធីភ្ជាប់ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅពេលស្ថាបនារួចក្នុងដំណាក់កាលទី១នេះ។ ឯកឧត្ដមនឹងសុំទៅសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរ។ ខណៈដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន គម្រោងទី ២នឹងបន្តសាងសង់នៅជាន់ផ្ទាល់ដីនិងជាន់ទី១ បន្តទៀត។

ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរ ចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែនពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា៖ ស្ពានអាកាសទី៨នេះ សាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។

បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅ កាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្សមហាវិថីព្រះមុនីវង្ស និង វិថីកងយោធពល ខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហា វិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជ ធានី ភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពាន អាកាសមួយកន្លែងទៀតស្ថិតនៅចំណុច ប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ីជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។

គួរបញ្ជាក់ថា៖ បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករាស្ពានអាកាសមិត្តភាពកម្ពុជា–ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner