ណាតូធ្វើសមយុទ្ធដ៏ធំ នៅតំបន់ព្រិល
អង្គការសម្ព័ន្ធយោធាអន្តរជាតិ NATO បាននិងកំពុងធ្វើលំហាត់សមយុទ្ធដ៏ធំ នៅតំបន់ព្រិល Nordic។ ប្លុក Nordic គឺសំដៅលើតំបន់ភូមិសាស្ត្រ និងវប្បធម៌ នៅអឺរ៉ុបខាងជើង និងអាត្លង់ទិកខាងជើង។
លំហាត់សមយុទ្ធដែលធ្វើឡើង តាមសំណើរបស់ប្លុក Nordic នាលើកនេះ គ្រោងនឹងប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី១៤ ខែមីនា។
ទាហានប្រទេសន័រវេស វ័យ២១ឆ្នាំ មានឈ្មោះ Josefine Emilie Lillevik បាននិយាយថា លំហាត់នេះគឺសំខាន់ណាស់ ជាការហ្វឹកហាត់ ដើម្បីទប់ទល់នឹងរុស្ស៊ី នៅម្ខាងទៀត។ យោងតាមប្រភពដដែលបានឲ្យដឹងទៀតថា ទាហានជាង ២ម៉ឺននាក់មកពី ១៣ប្រទេស បានមានវត្តមាន រួមទាំង ទ័ពបារាំង ហ្វាំងឡង់ និងសហរដ្ឋអាមេរិក ផងដែរ។ អ្វីដែលជាកាត់សម្គាល់ សមាជិកថ្មីរបស់ NATO គឺស៊ុយអែត ក៏បានចូលរួមទៀតផង នេះបើតាមប្រភពដដែល។
លោក Pal Jonson រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត មានប្រសាសន៍ថា ការចូលរួមនេះដើម្បីឲ្យស៊ុយអែតរៀនសូត្របន្ថែម ក្នុងនាមជាប្រទេសដែលទើបត្រូវបញ្ចូល ទៅក្នុងអង្គការណាតូ។
ស៊ុយអែតទើបបានក្លាយជាសមាជិកប្លុកយោធា ដែលគេជឿថា មានអាមេរិកនៅពីក្រោយមួយនេះ កាលពីសប្តាហ៍មុន ហើយវត្តមាននេះ ស្របពេលដែលណាតូក៏បារម្ភថា ជម្លោះរវាងសម្ព័ន្ធភាពរបស់ខ្លួន និងរុស្ស៊ី កាន់តែកើនឡើងកម្តៅ។
មេបញ្ជាការយោធាជាន់ខ្ពស់ លោក Rune Andersen បាននិយាយថា សមាជិកថ្មី ស៊ុយអែត ព្រមទាំងសមាជិកភាពហ្វាំងឡង់ ដែលទើបបានក្លាយជាគ្រួសារណាតូ កាលពីឆ្នាំមុនផងដែរនោះ បានបើកសករាជថ្មី អំពីរបៀបដែលណាតូធ្វើកិច្ចសហប្រតិបត្តិការការពារជាតិ នៅក្នុងតំបន់ Nordic៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត