ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ៖ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឱ្យអ្នកវិនិយោគធំៗ ជ្រើសរើស កម្ពុជា ជាគោលដៅក្នុងការវិនិយោគ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក Fan Fangnian នាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo (រួមមានអាជីវកម្មខាងផ្នែកកាបូប និងផលិតស្បែក ផ្លាស្ទិក និងឧបករណ៍អុបទិក) និងជាប្រធានសមាគម Ningbo Leather Association ដែលជាបណ្តុំក្រុមហ៊ុនផលិតកាបូប និងសម្ភារៈធ្វើដំណើរពីស្បែក និងកាបូបធ្វើដំណើរចំនួន ១០៨ក្រុមហ៊ុន ជាសមាជិក និងសហការី ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Zhejiang ខេត្ត Ningbo សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការវិនិយោគ និងការអភិវឌ្ឍសង្គមជាតិ។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកយ៉ាងសំខាន់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ ព្រមទាំងបានជម្រាបជូន អំពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដែលកើតចេញពីកត្តាសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យអ្នកវិនិយោគមានភាពកក់ក្តៅ និងមានជំនឿទុកចិត្ត។

ជាការឆ្លើយតប លោក Fan Fangnian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីស្ថានភាពធុរកិច្ចនានារបស់ក្រុមហ៊ុនសម្ព័ន្ធ Ningbo។

លោក Fan Fangnian បានបន្តថាក្រុមហ៊ុនសម្ព័ន្ធរបស់លោក ក៏មានទីតាំងនៅក្នុងបណ្តាប្រទេសនៅអាស៊ី ប៉ុន្តែគាត់ចាប់អារម្មណ៍ប្រទេសកម្ពុជា ដោយចាត់ទុកកម្ពុជាជាផ្ទះទី២របស់លោក ដោយសារគោលនយោបាយសេដ្ឋកិច្ចបើកចំហរ ទំនាក់ទំនងល្អ និងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ដែលជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទើបធ្វើឱ្យរូបលោក និងសម្ព័ន្ធក្រុមហ៊ុនរបស់លោក ព្រមទាំងសមាជិកសមាគមទាំងមូល មានអារម្មណ៍កក់ក្តៅក្នុងការដាក់ទុកវិនិយោគនៅកម្ពុជា។

លោកនាយកប្រតិបត្តិ បន្តថា ដោយមើលឃើញអំពីឱកាសវិនិយោគដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ លោកនឹងកៀងគរអ្នកវិនិយោគជាដៃគូរបស់ក្រុមហ៊ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner