អង់គ្លេសផ្តល់មូលនិធិចំនួន ១២៨លានដុល្លារជួយការពារជនជាតិអ៊ីស្លាម

ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអាទិត្យ ប្រកាសថា ខ្លួននឹងផ្តល់ប្រាក់ចំនួន ១១៧លានផោន ឬប្រហែល១២៨លានដុល្លារ ដើម្បីពង្រឹងសន្តិសុខនៅតាមព្រះវិហារអ៊ីស្លាម និងទីតាំងជនជាតិមូស្លីមផ្សេងទៀត រួមទាំងសាលារៀន និងមជ្ឈមណ្ឌលសហគមន៍ទូទាំងប្រទេស ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។

ការសន្យាដោយការិយាល័យមហាផ្ទៃអង់គ្លេសនាពេលនេះ ធ្វើឡើងចំពេលមានការកើនឡើងករណីស្អប់ខ្ពើមប្រឆាំងនឹងជនជាតិមូស្លីមនៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ផ្ទុះឡើងនៅតំបន់ហ្គាហ្សា កាលពីខែតុលាឆ្នាំមុន។ បន្ថែមលើពីមូលនិធិ ១១៧លានផោន អង់គ្លេសក៏បានប្រកាសផ្តល់ថវិកាបន្ថែម ៣១លានផោនទៀត ដើម្បីធានាការការពារដល់ដំណើរការ និងស្ថាប័នប្រជាធិបតេយ្យ ឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ពួកជ្រុលនិយមដែលកំពុងកើនឡើងផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោក James Cleverly បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា ការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិមូស្លីម មិនគួរកើតឡើងនៅក្នុងសង្គមរបស់យើងទេ។ លោក James បានសង្កត់ធ្ងន់ថា យើងនឹងមិនអនុញ្ញាតឱ្យព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ា ក្លាយជាជាលេស បង្ហាញពីភាពត្រឹមត្រូវនៃការរំលោភបំពានលើជនជាតិម៉ូស្លីមអង់គ្លេសនោះទេ។

Tell MAMA ដែលជាក្រុមឃ្លាំមើលឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងសហគមន៍ជនជាតិមូស្លីមបាននិយាយកាលពីខែមុនថា ខ្លួនបានកត់ត្រាអំពើហិង្សាបង្កឡើងពីការស្អប់ខ្ពើមរហូតដល់ ២,០១០ករណី ក្នុងរយៈពេល ៤ខែចាប់តាំងពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាស់ ប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន។ ក្រុមនេះបន្ថែមថា តួលេខខាងលើគឺជាចំនួនករណីដែលបានកត់ត្រាច្រើនបំផុតក្នុងរយៈពេល ៤ខែ ហើយកើនឡើងពី ៦០០ករណី បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២-២០២៣ កើនឡើង ៣៣៥ភាគរយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner