ការសិក្សាថ្មីមួយព្រមានថា អឺរ៉ុបនឹងជួបវិបត្តិអាកាសធាតុដ៏មហន្តរាយ

ព្រុចសែល៖ ការវិភាគថ្មីមួយរបស់សហភាពអឺរ៉ុប បានព្រមាននៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុបនឹងទទួលរងគ្រោះមហន្តរាយ ពីការប្រែប្រួលអាកាសធាតុ បើសិនខ្លួនខកខានចាត់វិធានការបន្ទាន់ ដើម្បីសម្របខ្លួនទៅនឹងហានិភ័យ។

ទីភ្នាក់ងារបរិស្ថានអឺរ៉ុប ហៅកាត់ថា (EEA) បានបញ្ជាក់នៅក្នុងរបាយការណ៍ដំបូងរបស់ខ្លួន អំពីហានិភ័យអាកាសធាតុដែលទ្វីបនេះប្រឈមមុខ ដោយបានអះអាងថា នៅតំបន់ភាគខាងត្បូង គឺមានគ្រោះថ្នាក់បំផុត។ គ្រោះថ្នាក់ទាំងនោះមានដូចជាអគ្គីភ័យ កង្វះទឹក និងផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម ខណៈតំបន់ឆ្នេរដែលមានសណ្ឋានដីទាប នឹងប្រឈមមុខនូវការគំរាមកំហែងពីគ្រោះទឹកជំនន់ និងបញ្ហាដទៃផ្សេងទៀត។

ទីភ្នាក់ងារ EEA បានគូសបញ្ជាក់យ៉ាងដូច្នេះថា ហានិភ័យជាច្រើនបានឈានដល់កម្រិតធ្ងន់ធ្ងររួចហើយ ហើយអាចក្លាយជាគ្រោះមហន្តរាយកាន់តែយ៉ាប់យឺន បើសិនគ្មានវិធានការឆ្លើយតប ឬការសម្រេចចិត្តជាបន្ទាន់ទេនោះ។
ទន្ទឹមគ្នា ទីភ្នាក់ងារ EEA ក៏បានព្រមានដែរថា រលកកំដៅដ៏ក្តៅ, គ្រោះរាំងស្ងួត, ភ្លើងឆេះព្រៃ និងទឹកជំនន់ ដូចដែលបានជួបប្រទះក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងកាន់តែអាក្រក់ទៅៗនៅក្នុងទ្វីបអឺរ៉ុប ដែលនឹងប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនទូទាំងទ្វីប។

របាយការណ៍របស់ EEA ក៏បានបង្ហាញបញ្ជីហានិភ័យចំនួន៣៦ករណី ទាក់ទងនឹងវិបត្តិអាកាសធាតុនៅអឺរ៉ុបផងដែរ ក្នុងនោះ២១ករណីទាមទារឱ្យមានសកម្មភាពជាបន្ទាន់បន្ថែមទៀត និង៨ករណីទៀតគឺជារឿងបន្ទាន់បំផុត។ ហើយនៅកំពូលនៃបញ្ជី គឺហានិភ័យចំពោះប្រព័ន្ធអេកូឡូស៊ី ដែលមានជាប់ទាក់ទងនឹងឆ្នេរសមុទ្រ និងទឹកសមុទ្រ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner