លោក ដួង មាសចំរើន ៖ វគ្គបណ្តុះបណ្ដាលគ្រូបង្វឹក អន្តរជាតិកម្រិត១ នឹងចូលរួមក្នុងការអភិវឌ្ឍន៍វិស័យកីឡាអត្តពលកម្ម នៅតាមបណ្តាសាលារៀន ឱ្យមានធនធាន និងសមត្ថភាពខ្ពស់

(ភ្នំពេញ)៖ សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានរៀបចំវគ្គបណ្តុះបណ្ដាលគ្រូបង្វឹក អន្តរជាតិកម្រិត១ ក្រោមការឧបត្តម្ភគាំទ្រពីអង្កការសាមគ្គីកីឡាអូឡាំពិកអន្តរជាតិ(OS) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាអ្នកសម្របសម្រួល មានរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១១ ដល់ ២០ ខែមីនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៤នាក់ ស្រីចំនួន ៨នាក់។

លោក បូរ ពុទ្ធរាត្រី អគ្គលេខាធិការសហព័ន្ធ បានអោយដឹងថា សិក្ខាកាមចូលរួម គឺជាលោកគ្រូ-អ្នកគ្រូអប់រំកាយ និងកីឡា មកពីតាមបណ្តាក្លឹបរាជធានីខេត្តចំនួន ១១សមាគមន៍ កីឡាចំនួន២ និងមានគរុសិស្សដែលកំពុងតែសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងបង្រៀនដោយលោកគ្រូ Jayalal Rathnasooriya ជាគ្រូឧទ្ទេសផ្នែកបណ្តុះបណ្ដាលគ្រូបង្វឹកកីឡាអត្តពលកម្មអន្តរជាតិ មកពីប្រទេសស្រីលង្កា លោកជាគ្រូឧទ្ទេស មកពីមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាអត្តពលកម្មប្រចាំតំបន់អាស៊ី ។

លោក ដួង មាសចំរើន បានមានប្រសាសន៍ថា គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីបង្កើនគ្រូបង្វឹកថ្នាក់ជាតិ-អន្តរជាតិ ដែលជាតម្រូវការចាំបាច់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍វិស័យកីឡាអត្តពលកម្ម ការជ្រើសរើសអត្តពលិក រៀបចំការបង្វឹកហាត់ហាត់ដល់កីឡាករ -កីឡាការិនី នៅតាមបណ្តាសាលារៀន ក្លឹបទូទាំងរាជធានីខេត្ត ឱ្យមានធនធានដែលមានសមត្ថភាពខ្ពស់ ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ។

លោកប្រធានសហព័ន្ធ សង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះអ្នកចូលរួមទាំងអស់នឹងខិតខំប្រឹងប្រែងសិក្សា ស្វែងយល់នូវចំណេះដឹង បទពិសោធន៍ថ្មីៗទាំងទ្រឹស្តី និងអនុវត្តនៅលើទីលាន ដែលជាមូលដ្ឋាន និងជាទុនសម្រាប់ បំពេញការងារភារៈកិច្ចជាក់ស្តែង ហើយក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះលោកគ្រូអ្នកគ្រូ ប្អូនៗ ក្មួយៗ នឹងមាន សមត្ថភាពអាចយកទៅប្រើប្រាស់ក្នុងការរៀបចំការបង្វឹកហាត់ថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអាចបន្តចូលរួមក្នុងកម្រិត គ្រូបង្វឹកអន្តរជាតិផងដែរ ៕

អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner