ទេសចរបរទេសជាង ១លាននាក់ ទស្សនាមនុស្សយន្តយក្សជប៉ុន
អាជ្ញាធរជប៉ុនបានដឹងថា មនុស្សយន្តដ៏ធំកម្ពស់រហូតដល់ទៅ ១៨ម៉ែត្រ ដែលដាក់តាំងនៅទីក្រុង Yokohama ក្បែរនឹងទីក្រុងតូក្យូ បានទាក់ទាញអ្នកទេសចរឲ្យចូលមើល ជាង ១លាន ៣សែននាក់ ភាគច្រើន ជាជនបរទេស។
មន្ត្រី Yokohama បានអះអាងថា មនុស្សយន្ត Gundam មួយនេះនឹងត្រូវដកចេញពីទីនោះ នៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ បន្ទាប់ពីត្រូវបានដាក់ឲ្យអ្នកទស្សនាចូលមើលដោយគិតប្រាក់ អស់រយៈពេលជាង៣ឆ្នាំ។ មនុស្សយន្តនេះអាចដើរបាន និងធ្វើកាយវិការបានផងដែរ។ វាត្រូវគេស្គាល់ថា ជាតួអង្គគំនូរជីវចល Gundam ដ៏ល្បី។
អភិបាលតំបន់ Yokohama លោក Yamanaka Takeharu បាននិយាយថា រូបមនុស្សយន្តដែលអាចដើរបានមួយគ្រឿង ត្រូវបានដាក់តាំងបង្ហាញឲ្យទស្សនា ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ច ក្នុងពេលជំងឺរាត្បាត កូវីដ-១៩។ លោកបានអះអាងទៀតថា វាបានជួយដល់សេដ្ឋកិច្ចច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរជាច្រើននាក់។ អាជ្ញាធរគ្រោងនឹងរៀបចំពិធីជប់លៀងលាមនុស្សយន្តនេះទៀតផង។ យ៉ាងណាក៏ដោយ មន្ត្រីរូបនេះមិនបានបញ្ជាក់ពីមូលហេតុនៃការដកមនុស្សយន្តនេះចេញទេ។
សំបុត្រសម្រាប់ការទស្សនាយន្តយក្សជប៉ុន Gundam មានតម្លៃប្រហែល១២ដុល្លារ សម្រាប់មនុស្សពេញវ័យ និងប្រមាណ៧ដុល្លារសម្រាប់កុមារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

