អាមេរិកអនុម័តឱ្យប្រើថ្នាំសម្រកទម្ងន់ Wegovy ព្យាបាលអ្នកជំងឺបេះដូង

វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ថ្មីៗនេះ ទើបអនុម័តជាលើកដំបូង ឱ្យប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺធាត់ Wegovy ដើម្បីការពារជីវិតរបស់អ្នកជំងឺ ពីហានិភ័យធ្ងន់ធ្ងរនៃជំងឺបេះដូង។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឱសថបង្ការជំងឺធាត់ Wegovy ដែលផលិតដោយក្រុមហ៊ុនឱសថយក្សរបស់ដាណឺម៉ាក Novo Nordisk បានទទួលការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីកាត់បន្ថយហានិភ័យដល់ស្លាប់ដោយសារការដាច់សរសៃឈាមបេះដូង, ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលចំពោះមនុស្សពេញវ័យដែលមានជំងឺសរសៃឈាមបេះដូង និងធាត់លើសទម្ងន់។

ការប្រកាសរបស់ FDA នាពេលនេះ ប្រៀបដូចជាការជួយសង្គ្រោះពលរដ្ឋអាមេរិកពេញវ័យប្រហែល ៧០ភាគរយ ដែលកើតជំងឺធាត់ ឬលើសទម្ងន់។ ប្រធានផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុនឱសថ Novo Nordisk លោក Martin Holst Lange បានស្វាគមន៍ការអនុម័តរបស់ FDA ដោយហៅវាថា ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អ្នកដែលរស់នៅជាមួយជំងឺធាត់ និងជំងឺសរសៃឈាមបេះដូង។

គួរបញ្ជាក់ថា មនុស្សជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងរស់នៅជាមួយនឹងជំងឺធាត់ ដែលជាលក្ខខណ្ឌមួយផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន នេះបើយោងតាមការប៉ាន់ស្មានថ្មីៗពីអង្គការសុខភាពពិភពលោក (WHO) និងក្រុមអ្នកស្រាវជ្រាវអន្តរជាតិ។

ជម្ងឺធាត់បានកើតឡើងក្នុងប្រទេសភាគច្រើន រួមទាំងប្រទេសដែលមានចំណូលទាប និងមធ្យម ដែលធ្លាប់ជួបបញ្ហាកង្វះអាហារូបត្ថម្ភពីមុនមក។ អត្រានៃការធាត់សម្រាប់មនុស្សពេញវ័យកើនឡើងទ្វេដង ក្នុងចន្លោះឆ្នាំ ១៩៩០ និងឆ្នាំ ២០២២ ហើយច្រើនជាងបួនដង ក្នុងចំណោមកុមារ និងក្មេងជំទង់ដែលមានអាយុពី ៥ ទៅ ១៩ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner