លោក ឯក ឃុន ដឿន អភិបាលខណ្ឌឬស្សីកែវ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញជំនួសលោក ស៊ុយ សេរិទ្ធ ដែលត្រូវឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោក ឯក ឃុន ដឿន អភិបាលខណ្ឌឬស្សីកែវ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញជំនួសលោកស៊ុយ សេរិទ្ធ ដែលត្រូវឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។

ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១១មីនា ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌ កងកម្លាំងចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

ឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើឱ្យ លោក ឯក ឃុនជឿន ដែលនឹងត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងបណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេស ត្រូវចូលរួមសហការ អនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី ឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់រាជធានីភ្នំពេញ ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។

ឯកឧត្តម ប្រាក់ សំអឿន បន្តថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់មិនអាចខ្វះបាន ដែលយើងទាំងអស់គ្នាត្រូវរួមសហការគ្នារក្សាឱ្យបាន ។ បើគ្មានសន្តិភាពទេ កុំថាឡើយអភិវឌ្ឍក្រុង សូម្បីតែអង្គុយជុំគ្នាដូចពេលនេះ ក៏មិនមានដែរ ។ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពជាប់ជាប្រចាំ ពិសេសបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួយដូរមនុស្សគ្រប់ទម្រង់ និងការបង្ក្រាប់គ្រឿងញៀន ពិសេសនៅតាមក្លឹបកំសាន្ត។

លោក ឯក ឃុន ដឿន បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រឹកបន្តឹងច្បាប់ចរាចរណ៍ ប្រឆាំងគ្រឿងញៀង ។ ប្តេជ្ញាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ប្រឆាំងអំពើពុករលួយ និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អថែមទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner