កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះ ២ខ្នង អណ្តូងទឹកស្អាត ៣ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ កាកបាទក្រហមកម្ពុជា បានសម្ពោធប្រគល់-ទទួលផ្ទះ រួមជាមួយអណ្តូងទឹកស្អាតចំនួន៣ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះវររាជមាតាជាតិខ្មែរ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ខេត្តឧត្តរមានជ័យ ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ថា បន្ទាប់ពីទទួលនូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសនៃទិវាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ជាពិសេសរកតំបន់ឆ្ងាយដាច់ស្រយ៉ាលដែលខ្វះខាតទឹកប្រើប្រាស់ ដើម្បីជីកអណ្តូងទឹកស្អាតជូនប្រជាជនប្រើប្រាស់តាមតម្រូវការ ។ ជាក់ស្តែង ឆ្លើយតបតាមសំណើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ, នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានពិនិត្យឃើញថា មានគ្រួសារងាយរងគ្រោះបំផុតចំនួន ២គ្រួសារ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ផ្ទះជូន និងប្រគល់ជូននាថ្ងៃនេះ។ ទន្ទឹមនឹងនេះ ក្នុងមូលដ្ឋាននេះក៏ពិនិត្យឃើញកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៣បន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា ផ្ទះទាំងពីរខ្នងខាងលើនេះប្រើពេលវេលាសាងសង់អស់រយៈពេល ២ខែ ដែលផ្ទះនីមួយៗមានទំហំ ៤ម៉ែត x ៦ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៦.០០០ដុល្លារ ត្រូវបានប្រគល់ជូន៖
- ម្ចាស់ផ្ទះទី១. លោកយាយ ធិម ធិប អាយុ ៦៣ឆ្នាំ មានកូនសតិមិនគ្រប់ម្នាក់ និងចៅកំព្រាម្នាក់ រស់នៅភូមិសុភាព ឃុំអំពិល ស្រុកស្រុកបន្ទាយអំពិល។
- ម្ចាស់ផ្ទះទី២. លោកយាយ ហ៊ឹម ភាព អាយុ ៧៣ឆ្នាំ មានកូនជាស្ត្រីមេម៉ាយម្នាក់ និងចៅ៣នាក់ រស់នៅភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល។

ម្ចាស់ផ្ទះទាំង២ខ្នងនេះ ទទួលបានអំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ៤កេស, ត្រីខ ៤០កំប៉ុង, ទឹកត្រី ១២ដប, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់, សម្ភារក្នុងផ្ទះមួយចំនួន, សម្ភារផ្ទះបាយ១ឈុត, និងថវិកា ៥០ម៉ឺនរៀល។ ដោយឡែក អណ្តូងទឹកស្អាតចំនួន៣ ចំណាយថវិកាអស់ ៦.៦០០ដុល្លារ មានទីតាំងទី១ ស្ថិតក្នុងបរិវេណមណ្ឌលសុខភាពគោកឪឡោក ភូមិគោកឪឡោក ឃុំអំពិល, ទីតាំងទី២ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាពងទឹក ភូមិពងទឹក ឃុំអំពិល, និងទីតាំងទី៣ ស្ថិតក្នុងផ្ទះប្រជាជន ក្នុងភូមិវល្លិ៍យាវ ឃុំបេង ដែលអណ្តូងទាំង៣នេះ សម្រាប់ដោះស្រាយតម្រូវការទឹក ជូនសិស្សានុសិស្ស បុគ្គលិកសុខាភិបាល ប្រជាជនមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាព និងប្រជាជនទូទៅរស់នៅក្នុងតំបន់ក្បែរនោះ អាស្រ័យផលប្រើប្រាស់រៀងៗខ្លួនជាដរាបតទៅ ។

សូមជម្រាបផងដែរថា ក្នុងដំណើរបេសកកម្មមនុស្សធម៌នេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២៧៤គ្រួសារ រស់នៅក្នុងភូមិចំនួន ៥៨ភូមិ នៃឃុំអំពិល និងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រមទាំងស្ត្រីជាមាតាដែលទើបសម្រាលកូន និងមានផ្ទៃពោះ ចំនួន ៥០នាក់ នៅក្នុងមណ្ឌលសុខភាពគោកមនសែនជ័យ និងមណ្ឌលសុខភាពវល្លិ៍យាវ ផងដែរ ៕
ដោយ / គ្រី សម្បត្តិ
