ហ៊ូទីប្តេជ្ញាបង្កើនការវាយប្រហារនៅសមុទ្រក្រហម សងសឹកដែលអាមេរិកវាយប្រហារខ្លួន

វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិកនិយាយថា ពួកគេបានបំផ្លាញនាវាក្រោមទឹកគ្មានមនុស្សបើក និងមីស៊ីលផ្លោងជិត ២០គ្រាប់ ក្នុងការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងនឹងពួកឧទ្ទាមហ៊ូទីរបស់យេម៉ែន ដែលបានគំរាមក្នុងថ្ងៃអង្គារថា នឹងបង្កើនការវាយប្រហារនៅសមុទ្រក្រហម ក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដន។

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីបានបាញ់មីស៊ីលពីរគ្រាប់សំដៅលើកប៉ាល់ពាណិជ្ជករ ដែលមានដោតទង់ជាតិលីបេរីយ៉ា ដែលជាកម្មសិទ្ធិរបស់សិង្ហបុរី Pinocchio។

ទីបញ្ជាការ CENTCOM បន្ថែមថា មីស៊ីលទាំងនោះមិនប៉ះពាល់ដល់កប៉ាល់ទេ ហើយក៏មិនមានការរាយការណ៍ពីមនុស្សរងរបួស ឬការខូចខាតដែរ។ ប៉ុន្មានម៉ោងក្រោយមក កងកម្លាំងអាមេរិកបានវាយប្រហារការពារខ្លួនចំនួន៦លើក ដោយបានបំផ្លាញនាវាក្រោមទឹកគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងនាវាចំនួន ១៨គ្រាប់ នៅក្នុងតំបន់គ្រប់គ្រងដោយពួកហ៊ូទី។

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ូទីបានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើកប៉ាល់ Pinocchio នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអង្គារ ហើយថែមទាំងបានអះអាងពីភាពត្រឹមត្រូវ ក្នុងការវាយប្រហារដោយមីស៊ីលរបស់ខ្លួន និងថា ប្រតិបត្តិការយោធានឹងកើនឡើង ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner