វេណេស៊ុយអេឡានាំចេញទៅសហរដ្ឋអាមេរិកកើន ៧៧០ភាគរយក្នុងឆ្នាំ ២០២៣
ការ៉ាកាស៖ ការនាំចេញរបស់វេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក ភាគច្រើនជាប្រេង បានកើនឡើងសរុប ៧៧០ភាគរយក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើទីក្រុងការ៉ាកាស នេះបើយោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។
យោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មវ៉េណេស៊ុយអេឡា-អាមេរិក ដោយផ្អែកលើស្ថិតិពីការិយាល័យជំរឿនសហរដ្ឋអាមេរិក បានឱ្យដឹងថា ការនាំចេញរបស់វេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៧៧០ភាគរយក្នុងឆ្នាំ២០២៣។ ការនាំចេញប្រេងមានចំនួន ៩០.៨៥ភាគរយនៃចំនួនសរុប។
រីឯការនាំចូលពីសហរដ្ឋអាមេរិកវិញ បានកើនឡើងជាង ១០ភាគរយ មានទឹកប្រាក់ ២.៥ពាន់លានដុល្លារ។ សភាពាណិជ្ជកម្មនិយាយថា ពាទំហំណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣ ដល់ទឹកប្រាក់ជាង ៦ពាន់លានដុល្លារ កើនឡើងជាង ១២៧ភាគរយ។ តួលេខនេះ ស្ថិតនៅឆ្ងាយពីកម្រិតខ្ពស់បំផុតរហូតដល់ ៣៨ពាន់លានដុល្លារ ដែលបានកត់ត្រាក្នុងឆ្នាំ២០០៨ នៅពេលដែលសហរដ្ឋអាមេរិក គឺជាអតិថិជនប្រេងឆៅកំពូលរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
សូមរម្លឹកថា កាលពីឆ្នាំមុន រដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងក្រុមប្រឆាំង បានយល់ព្រមរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០២៤ ដោយមានអ្នកសង្កេតការណ៍។ ចាប់តាំងពីពេលនោះមក ការបោះឆ្នោតគ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា។
កិច្ចព្រមព្រៀងនេះដែរ បានជំរុញឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងប្រទេសដែលសម្បូរប្រេងមួយនេះ ដោយអនុញ្ញាតឱ្យក្រុមហ៊ុន Chevron ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អាចបន្តការទាញយកប្រេងឆៅ ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាតម្លៃប្រេងពិភពលោកឱ្យធ្លាក់ចុះ ខណៈដែលលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

