ព្រលានយន្តហោះភ្នំពេញថ្មីបើកដំណើរការខែប្រាំមួយឆ្នាំក្រោយ ប្រទេសប្រាំមួយសហការគូរប្លង់

ភ្នំពេញ៖ រយៈពេលបួនឆ្នាំបន្ទាប់ពីសាងសង់ឥតឈប់ អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់រាជធានីភ្នំពេញនឹងចាប់ផ្តើមបើកទទួលយន្តហោះគ្រប់ប្រភេទនៅខែមិថុនាឆ្នាំ២០២៤ ខាងមុខ។ ក្រោយដំណើរការ អាកាសយានដ្ឋាននេះនឹងក្លាយជាព្រលានយន្តហោះដែលទំនើបជាងគេរបស់កម្ពុជា ដែលមានតម្លៃ ១ ៥០០លានដុល្លារ ថ្លៃជាងអាកាសយានដ្ឋានផ្សេងទៀតរបស់ខ្មែរ។

ក្នុងពេលកំពុងពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានថ្មីនៅព្រឹកថ្ងៃអង្គារនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ព្រលាននេះត្រូវបានសិក្សាគូរប្លង់និងសាងសង់ ដោយក្រុមហ៊ុនរបស់ប្រទេសចំនួនប្រាំមួយបញ្ចូលគ្នា មានក្រុមហ៊ុនរបស់អង់គ្លេស ដាណីម៉ាក ហូឡង់ កូរ៉េខាងត្បូង ចិន និងកម្ពុជា។

មកដល់ពេលនេះ ការសាងសង់បានចាយប្រាក់អស់ប្រមាណ ៩០០លានដុល្លារហើយ និងសម្រេចបានជារូបរាងបានជាង៦០ភាគរយបើជាមួយនឹងគំនូរប្លង់ដើមសម្រាប់ដំណាក់កាលទី១។ ក្នុងដំណាក់កាលទី១នេះ ព្រលានថ្មីលាតសន្ធឹងលើផ្ទៃដី ២៦០០ហិកតា និងអាចទទួលអ្នកដំណើរ១៣លាននាក់ក្នុងមួយឆ្នាំ។ ក្នុងដំណាក់កាលទី២ ព្រលាននេះនឹងត្រូវពង្រីកបន្ថែមដែលអាចទទួលអ្នកដំណើរបាន៣០លាននាក់នៅឆ្នាំ ២០៣០ និងដំណាក់កាលទី៣ អាចទទួល៥០លាននាក់នៅត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

ប្រមុខរដ្ឋាភិបាលកម្ពុជាជឿថា ព្រលាននេះនឹងផ្តល់ប្រយោជន៍ច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាពិសេសសម្រាប់ខេត្តកណ្តាល តាកែវ និងតំបន់ភូមិភាគនិរតី ដែលនៅមិនឆ្ងាយពីប្រលាននេះ។

ព្រលានយន្ដហោះ ថ្មីនេះ ស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រខាងត្បូង រាជធានីភ្នំពេញនេះ។ អាកាសយានដ្ឋាននេះ អាចទទួលយន្តហោះធុនធំ ដូចជា Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន ខណៈដែលព្រលានអន្តរជាតិភ្នំពេញបច្ចុប្បន្ន មិនអាចឲ្យយន្តហោះធុននេះចុះចតបានទេ។ រដ្ឋាភិបាល បានផ្តល់សិទ្ធិដល់ក្រុមហ៊ុន Cambodia Airport investment ដែលជាការវិនិយោគពី៦ប្រទេសរួមគ្នាសាងសង់អាកាសយានដ្ឋាននេះ៕
អត្ថបទ៖ ទួន សុផល

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner