កាកបាទក្រហមកម្ពុជា បន្តផ្សព្វផ្សាយខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បន្តបេសកកម្មចុះផ្សព្វផ្សាយខួប១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។
ឯកឧត្តម លុយ ចណ្ណា សាកលវិទ្យាធិការសាលកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកាកបាទក្រហមនិងក្រុមការងារ ដែលបានចុះមកផ្សព្វផ្សាយនាឱកាសនេះ ដើម្បីផ្តល់ចំណេះដឹងបន្ថែមជូននិស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ក្លាយជាមូលដ្ឋាន និងបំពេញសមត្ថភាពបន្ថែមទៀតអំពីហានិភ័យប្រឈមនឹងសុខភាព និងការប្រែប្រួលអាកាសធាតុ និងទទួលយកទៅអនុវត្តដើម្បីធានាធ្វើយ៉ាងណាឱ្យខ្លួនយើងមានសុខភាពល្អ ជាពិសេសផ្សព្វផ្សាយបន្តបងប្អូន ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួនផងដែរ។
លោកជំទាវ ពុំ ចន្ទីនី សង្ឃឹមថាក្មួយៗនឹងជួយអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិ (មិត្តអប់រំ មិត្ត) បងប្អូននៅក្នុងក្រុមគ្រួសារ និងសហគមន៍ឱ្យបានយល់ដឹងដូចគ្នា និងបានជាប្រ យោជន៍មានសុខភាពល្អសម្រាប់ផ្ទាល់ខ្លួនផង សម្រាប់ក្រុមគ្រួសារផង និងរួមគ្នាជាសហគមន៍ដែល មានសុខភាពល្អ ហើយជាពិសេស អាចទប់ទល់បាននឹងការប្រែប្រួលអាកាសធាតុ”។
លោកជំទាវអគ្គលេខាធិការបានបញ្ជាក់បន្ថែមទៀតថា “តាមការសិក្សាស្រាវជ្រាវក្នុងរវាងឆ្នាំ២០១៩កន្លងមកនេះ បានបញ្ជាក់ឱ្យឃើញថា កម្ពុជាយើងបានខាតបង់ប្រាក់ក្នុងការព្យាបាលជំងឺមិនឆ្លង ជាពិសេសជំងឺធំៗទាំងបួនមុខរួមមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ដែលចំណាយថវិកាអស់ ប្រមាណមួយពាន់ប្រាំរយលានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។
លោកជំទាវអគ្គលេខាធិការ បន្តថា “សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋយើងប្រកាន់ភ្ជាប់ទំលាបរស់នៅប្រកបដោយសុខភាពល្អជាសឱ្យបាននូវជំងឺឆ្លងទាំងនោះ ហើយជាសក្ខីកម្មបញ្ជាក់ឃើញច្បាស់ថា ថ្នាក់ដឹកនាំយកចិត្តទុកដាក់យ៉ាងខ្លាំងណាស់អំពីសុខភាពប្រជាពលរដ្ឋនៅគ្រប់ទិសទី និងគ្រប់ពេលវេលា។
ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិទាំងនៅទីស្នាក់ការកណ្តាល និងសាខាទាំង ២៥រាជធានីខេត្តត្រូវផ្តោការយកចិត្តទុកដាក់លើការអប់រំផ្សព្វផ្សាយ សុខភាពមាតា ទារក និងកុមារ និងការទប់ស្កាត់នៃការរីករាលដាល នៃមេរោគអេដស៍ជំងឺអេដសន៍ ជំងឺកាមរោគ រួមជាមួយការអប់រំឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធនទៅនឹងអាកាសធាតុ” ៕
ដោយ / គ្រី សម្បត្តិ






