រដ្ឋមន្ត្រីក្រសួងសាធារណការ បង្ហាញពីឱកាសវិនិយោគដល់ក្រុមហ៊ុនមួយចំនួនរបស់អាម៉េរិក
នៅថ្ងៃទី៨កក្កដានេះ រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកញ្ជូន លោកទេសសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន។ ក្រុមគណៈប្រតិភូនេះ ត្រូវបានដឹកនាំដោយលោក Alexander Feldman ជាប្រធាននៃក្រុមប្រឹក្សាធុរកិច្ច អមដោយគណៈប្រតិភូមកពីក្រុមហ៊ុន អាម៉េរិកជាច្រើនរូបទៀតដូចជា ក្រុមហ៊ុន General Electric (GE) ក្រុមហ៊ុន Chevron ក្រុមហ៊ុន Cisco ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Facebook ក្រុមហ៊ុន Ford ក្រុមហ៊ុន Visa ក្រុមហ៊ុន Oracle ក្រុមហ៊ុន RMA Group។
ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន គឺជាអង្គការតស៊ូមតិមួយសម្រាប់សាជីវកម្មអាម៉េរិក ដែលធ្វើប្រតិបត្តិការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន។ ក្រុមប្រឹក្សានោះ ដើរតួជាសំឡេងមួយនៃវិស័យ ឯកជនរបស់សហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងសហរដ្ឋអាម៉េរិក និងអាស៊ីអាគ្នេយ៍។ លោក Alexander Feldman បានថ្លែងថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា គឺមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា ដៃគូអាស៊ាន និងសហរដ្ឋអាម៉េរិក និងដើម្បីជំរុញការ វិនិយោគអាមេរិកបន្ថែមទៀតមកកម្ពុជា។
ជាមួយគ្នានោះ សមាជិកគណៈប្រតិភូ បានធ្វើបទបង្ហាញពីការចូលរួម និងផែនការសកម្មភាពរបស់ខ្លួន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុវត្ថិភាពចរាចរណ៍ និងបច្ចេកវិទ្យាព័ត៌មាន ដែលមានការពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានបង្ហាញពីការស្ម័គ្រចិត្តក្នុងការចូលរួមសកម្មភាព ទំនួលខុសត្រូវសង្គម ដែលអាចកើតចេញពីការធ្វើវិនិយោគ (CSR) ផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូអំពីគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការសិក្សាគម្រោង Monorail ផ្លូវរថភ្លើងក្រោមដី និង គម្រោង AGT ជាដើម។ លោក ក៏បានជម្រាបគណៈប្រតិភូអំពីគម្រោងកំពុងបន្ត ក្នុងកិច្ចការងារពង្រឹងសុវត្ថិភាពចរាចរណ៍ ការសិក្សាដើម្បីរៀបចំបទដ្ឋានសម្រាប់កំណត់អាយុកាលនៃការប្រើប្រាស់យានយន្ត បទដ្ឋានបច្ចេកទេសសម្រាប់យានយន្តត្រូវប្រើប្រាស់នៅកម្ពុជា ការជំរុញការប្រើប្រាស់យានយន្តប្រើថាមពលអគ្គិសនី និងការគាំពារបរិស្ថាន ក្រោមកិច្ចសហការជាពី UNDP។
លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការរៀបចំនីតិវិធី និងប្រព័ន្ធចុះបញ្ជីលក់លេខពិសេសផ្ទាល់ខ្លួន ដែលមាន៨ខ្ទង់ និងការដេញថ្លៃជាសាធារណៈ ដោយប្រើប្រាស់បច្ចេកវិទ្យា នាយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ 4.0 ជាមួយការបង់ប្រាក់តាមប្រព័ន្ធឌីជីថល ជាមួយគ្រឹះស្ថានជាដៃគូផងដែរ ក្នុងគោលបំណង បង្ខិតសេវាឲ្យទៅជិតប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា លុបបំបាត់ចំណាយក្រៅផ្លូវការ។ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះ បណ្តាក្រុមហ៊ុនសហគ្រាស របស់សហរដ្ឋអាម៉េរិកទាំងនេះ បង្កើត និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ សេនាធិការក្រសួង ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀត៕ធ.ដ