រុស្ស៊ីចាប់ផ្តើមបោះឆ្នោតរើសប្រធានាធិបតី ខណៈអ៊ុយក្រែនបង្កើនការវាយលុក

មូស្គូ៖ ប្រជាជននៅប្រទេសរុស្ស៊ី ក្នុងថ្ងៃសុក្រនេះ បានចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីជោគជ័យវាសនារបស់លោក ពូទីន សម្រាប់ការកាន់កាប់អំណាចនៅវិមានក្រឹមឡាំងរយៈពេល ៦ឆ្នាំបន្ថែមទៀត ខណៈដែលអ៊ុយក្រែនបើកការវាយលុកដ៏ខ្លាំងក្លានៅតំបន់ព្រំដែន។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនានេះ ហើយប្រជាជនរុស្ស៊ីមានសិទ្ធិបោះឆ្នោតមានចំនួនប្រហែល ១១២.៣លាននាក់។ ការិយាល័យបោះឆ្នោតជាង ៩៤,០០០ទីតាំងទូទាំងប្រទេសរុស្ស៊ី ដែលបានបើកទ្វារចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ (ម៉ោងក្នុងតំបន់) ហើយការបោះឆ្នោតនឹងបិទបញ្ចប់ជាផ្លូវការនៅម៉ោង ៩យប់នាថ្ងៃទី១៧ ខែមីនានេះ។

សម្រាប់ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះចំនួន៤រូប មានដូចជាលោក វ្ល៉ាឌីមៀរ ពូទីន មកពីគណបក្សរួបរួមរុស្ស៊ី, លោក វ្ល៉ាឌីស្លេវ ដាវ៉ាន់កូវ ជាអនុប្រធានសភារបស់រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការបក្សប្រជាជនថ្មី, លោក លីអូនីដ ស្លូតស្គី មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDPR) និងមួយរូបទៀត គឺលោក នីកូឡៃ ខារីតូនូវ ជាបេក្ខភាពមកពីគណបក្សកុម្មុយនីស្ត។

លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជនរុស្ស៊ី នៅមុនថ្ងៃបោះឆ្នោតយ៉ាងដូច្នេះថា ខ្ញុំជឿជាក់ថា អ្នក (ប្រជាជនរុស្ស៊ី) ដឹងពីរយៈពេលដ៏លំបាកដែលប្រទេសរបស់យើងកំពុងឆ្លងកាត់, ការប្រឈមដ៏ស្មុគស្មាញដែលយើងកំពុងជួបប្រទះស្ទើរតែគ្រប់វិស័យ។ ហើយដើម្បីបន្តឆ្លើយតបនឹងបញ្ហាទាំងនេះដោយសេចក្តីថ្លៃថ្នូរ និងយកឈ្នះលើការលំបាកដោយជោគជ័យ… យើងត្រូវបន្តរួបរួមគ្នា និងមានទំនុកចិត្តលើខ្លួនឯង។

គួរបញ្ជាក់ផងដែរថា បើសិនលោក ពូទីន ទទួលជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះ នោះនឹងអនុញ្ញាតឱ្យបុរសខ្លាំងរុស្ស៊ីរូបនេះ បន្តកាន់អំណាចនៅក្នុងវិមានក្រឹមឡាំង រហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០ ដែលធ្វើឱ្យគាត់ក្លាយជាមេដឹកនាំរុស្ស៊ី កាន់អំណាចយូរជាងមេដឹកនាំរុស្ស៊ីទាំងអស់ ចាប់តាំងពីលោកស្រី Catherine the Great ក្នុងសតវត្សទី១៨៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner