សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន សង្គមជាតិ និងសេដកិច្ច

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែដំបូង រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមៗនៅក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតមទៅនឹងសេចក្តីតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាជន សង្គមជាតិ និងសេដកិច្ច។ សម្តេច ថា រាជរដ្ឋាភិបាល ក៏សម្រេចបាននូវការពង្រីកនូវរបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល ដែលការងារនេះ រាជរដ្ឋាភិបាល បានធ្វើបន្តពីអាណត្តិមុនៗ ។

សម្តេចធិបតី បានគូសរំលេចថា ជាលទ្ធផល ក្នុងរយៈ៦ខែដំបូង របបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល បានគ្របដណ្តប់ប្រជាពលរដ្ឋ៦.៨លាននាក់ ដែលក្នុងនោះមានសមាជិក ប.ស.ស. ទាំងរបបកាតាព្វកិច្ច និងរបបស្ម័គ្រចិត្តសរុបជាង២,១លាននាក់ ។

សម្តេច បានបន្ថែមថា ក្នុងចំណោមប្រជាពលរដ្ឋ៦,៨លាននោះរួមមាន៖ ទី១-សមាជិក ប.ស.ស ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តសរុបជាង២,១លាននាក់ ទី២-មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យចំនួន៤៩ម៉ឺនគ្រួសារស្មើនឹង១,៨លាននាក់ ទី៣-មូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋនៃគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មាន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន២,៨លាននាក់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានពង្រីកនូវការគ្របដណ្តប់របបសន្តិសុខសង្គម ជូនទៅដល់ប្រជាជននៃក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង១០ម៉ឺននាក់ផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្រៅពីគោលនយោបាយអាទិភាព៦ចំណុចនេះ រាជរដ្ឋាភិបាលថ្មី ក៏បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញបង្កើនល្បឿនបន្ថែមលើកិច្ចការកំណែទម្រង់មួយចំនួនក្នុងគោលដៅកែលម្អ និងឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័នរឹងមាំ ព្រមទាំងធានាឱ្យបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយជវភាព និងសមិទ្ធកម្ម ។

សម្តេចធិបតី មានប្រសាសន៍ថា នៅក្នុងវិធានគន្លឹះទាំង៥នោះមានដូចជា៖ ទី១-កំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ ទី២-ការកែទម្រង់វិស័យអប់រំ ទី៣-ការកែទម្រង់វិស័យសុខាភិបាល ទី៤-គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទី៥-ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ៕


ដោយៈ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner