សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មនុស្សមួយចំនួនតូច មើលឃើញតែពីរោងចក្របិទទ្វារ តែក៏សុំក្រឡេកទៅមើលរោងចក្រ កំពុងបើកដំណើរការថ្មីផង

ភ្នំពេញ៖ មនុស្សមួយចំនួនតូច មើលឃើញតែពីរោងចក្របិទទ្វារ តែក៏សុំក្រឡេកទៅមើលរោងចក្រ កំពុងបើកដំណើរការថ្មីផង ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើយើងមើលពាក់ព័ន្ធទៅនឹងសហគ្រាសទាំងចុះនៅក្នុង CDC ទាំងមិនបានចុះនៅ CDC ប្រភពពីក្រសួងការងារ ក្នុងរយៈពេល ៦ខែនេះ ពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ រោងចក្រសហគ្រាសសរុប ដែលបានបើកថ្មី គឺមាន៣,៣១៣ ក្នុងនោះក្នុងវិស័យកាត់ដេរ ១៦៤រោងចក្រ បង្កើតការងារ ៥២,៥៩៧កន្លែង និងសហគ្រាសក្រៅពីវិស័យកាត់ដេរ មាន ៣,១៤៩ មានតូច មានធំ ដែលបង្កើតការងារជាង ២៤,៦១២នាក់ សរុប គឺ ៧៧,២០៩នាក់ ដែលបានបង្កើតការងារថ្មី ជាមួយនឹងសហគ្រាស ៣,៣១៣»។

សម្តេចធិបតី បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេស ដែលប្រកាន់យករបបទីផ្សារសេរី ដូច្នេះ ក្រុមហ៊ុនបើកដំណើរការ ត្រូវការប្រកួតប្រជែង ខណៈមានក្រុមហ៊ុនវិនិយោគខ្លះ បើកអាជីវកម្មរបស់ខ្លួនដំណើរការបានល្អ និងមានក្រុមហ៊ុនខ្លះបើកដំណើរការទទួលបរាជ័យ។ ត្រង់ចំណុចនេះ នៅប្រទេសណាក៏មានដែរ សម្រាប់រាជរដ្ឋាភិបាល មិនអាចធានាបានថា ឱ្យតែក្រុមហ៊ុនបើកអាជីវកម្ម រដ្ឋ ត្រូវតែធានាឱ្យអាជីវកម្មរបស់ក្រុមហ៊ុននោះ ដើរដោយរលូតនោះទេ ពីព្រោះរបបទីផ្សារសេរី ត្រូវការប្រកួតប្រជែង ។

សម្តេចបានលើកឡើងថា សម្រាប់អាជីវកម្មខ្លះ នៅពេលដែលបើកដំណើរហើយ បែរជាទទួលបរាជ័យ ក៏ប៉ុន្តែនៅពេលសេងហាង ឬក្រុមហ៊ុនឯង អ្នកផ្សេងគ្រប់គ្រង បែរជាទទួលបានភាពជោគជ័យទៅវិញ ទាំងនេះ ជាកត្តាជាក់ស្តែង សម្រាប់របបទីផ្សារសេរី ។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាម សម្តេចជានាយករដ្ឋមន្ត្រី ក៏មិនបានបដិសេធជុំវិញការផ្សព្វផ្សាយ តាមបណ្តាញសង្គមថា កម្ពុជា កំពុងបន្តមានការបិទរោងចក្រ តែក៏សុំក្រឡេកទៅមើលរោងចក្រកំពុងតែបើកដំណើរថ្មីផង។ ក៏ប៉ុន្តែ មានមនុស្សមួយចំនួនតូច គាត់នៅតែមើលឃើញពីរោងចក្រដែលបានបិទទ្វារ ហើយនាំគ្នាស្រែកថា រោងចក្របន្តបិទទ្វារហូរហែរ ធ្វើឱ្យកម្មករ កម្មការិនី អត់មានការងារធ្វើជាដើម។ តែក៏មានរោងចក្របើកដំណើរថ្មី ត្រូវការជ្រើសកម្មករធ្វើការ រាប់ម៉ឺនកន្លែង នៅលើប្រទេសណាក៏ដូចគ្នា តែមានក្រុមហ៊ុនបើកថ្មី និងបិទទៅវិញ ដោយមិនអាចធានានិរន្តរភាពនៃដំណើរការអាជីវកម្ម ក្រុមហ៊ុននោះរហូតបានទេ ៕


ដោយៈ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner